ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដង្ហែមកដល់ប្រទេសកម្ពុជាហើយដើម្បីតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅព្រះរាជតំណាក់ រាជធានីភ្នំពេញ រយៈពេល ៤ថ្ងៃ.The body of Samdech Krom Preah Norodom Ranariddh, Chairman of the King’s Personal Advisory Council, has arrived in Cambodia for a four-day religious ceremony at the Royal Palace in Phnom Penh.

ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដង្ហែមកដល់ប្រទេសកម្ពុជាហើយដើម្បីតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅព្រះរាជតំណាក់ រាជធានីភ្នំពេញ រយៈពេល ៤ថ្ងៃ==========·=========#រាជធានីភ្នំពេញ: នៅវេលាម៉ោង ១២:១០នាទី ថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ ២០២១ នេះ ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដង្ហែមកដល់ប្រទេសកម្ពុជាហើយ តាមជើងហោះហើរពិសេស ពីសាធារណរដ្ឋបារាំង។គួររំលឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទីរសៀលម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នៅរាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។ក្នុងព្រះរាជហឫទ័យទុកដាក់ចំនួនការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ផ្ទាល់ព្រះអង្គចំនួន ១០ម៉ឺនដុល្លារអាមេរិក និងព្រះរាជទ្រព្យព្រះករុណាជាអម្ចាស់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន២ម៉ឺនដុល្លារអាមេរិក ដែលជាព្រះរាជូបត្ថម្ភដ៏ឧត្តុងឧត្តមសម្រាប់ចូលរួមរៀបចំពិធីបុណ្យព្រះសពសម្តេច ក្រុងព្រះ នរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវជាព្រះរាមផ្ទាល់របស់ព្រះករុណាជាអម្ចាស់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានយាងចូលព្រះទិវង្គត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំង វេលាម៉ោង៩ និង៤០នាទី ត្រូវនឹងម៉ោង៣ និង៤០នាទីរសៀល ម៉ោងនៅរាជធានីភ្នំពេញ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា។សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យសោកស្តាយដ៏ជ្រាលជ្រៅ និងចូលរួមរំលែកទុក្ខសោកជាមួយព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឬទ្ធិ ព្រមទាំងព្រះបុត្រាបុត្រី ព្រះរាជវង្សានុវង្ស និងញាតិមិត្តជិតឆ្ងាយនៃព្រះសពចំពោះការយាងចូលព្រះទិវង្គតនៃសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ គឺជាការបាត់បង់ព្រះរាជវង្សានុវង្សជាអ្នកសេ្នហាជាតិដ៏ប្រសើរមួយព្រះអង្គ ដែលបានខិតខំចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការដង្ហែតាមព្រះរាជសកម្មភាពបម្រើជាតិ ដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហើយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានចូលរួមចំណែកយ៉ាងធំធេង ក្នុងដំណើរការផ្សះផ្សាបង្រួបង្រួមជាតិ ដើម្បីសន្តិភាព និងការអភិវឌ្ឍក្នុងមាតុភូមិកម្ពុជា។ទន្ទឹមនឹងនេះ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានចេញនូវសារលិខិតរំលែកមរណ:ទុក្ខ ដ៏ក្រៀមក្រំ ដោយបានសម្តែងការសោកស្តាយចំពោះការចូលព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម១រូប ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាអស់ព្រះកាយពលដើម្បីបុព្វហេតុ ការពារជាតិសាសនា និងព្រះមហាក្សត្រ ។ជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញនូវសារាចរណែនាំ ដោយបានប្រកាសកំណត់យកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ជាថ្ងៃ កាន់ទុក្ខជាផ្លូវការ គ្រប់ក្រសួងស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង នៃដងទង់ជាតិ នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយទូរទស្សន៍នូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។យោងតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ បានបញ្ជាក់ថា ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ សរុបចំនួន ៥២ នឹងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី ៦ និងទី ៧ ខែធ្នូ ឆ្នាំ ២០២១។សូមជម្រាបថា ព្រះសពសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ នឹងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅព្រះរាជតំណាក់ ស្ថិតនៅផ្លូវសម្តេចប៉ាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង