ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ករណី វ៉ៃ ប្លន់ ប៉ុនប៉ងសម្លាប់មនុស្សនៅស្រុកបាទី ខេត្តតាកែវ បង្កដោយ ឧកញ៉ា គង់ ចាន់ដេត អាចគេចផុតពីសំណាញ់ច្បាប់ដែរឬទេ….(វគ្គ៣)

ខេត្តតាកែវ៖ លោកឧកញ៉ា គង់ ចាន់ដេត ដែលរង់ការចោទប្រកាន់ ជាមេក្លោងដែលបានបញ្ជារឲ្យបក្សពួកគូកនរបស់ខ្លួន វ៉ៃ ប្លន់ យកទ្រព្យសម្បត្តិអ្នកដទៃ ថែមទាំងប៉ុនប៉ងសម្លាប់ទំលាក់ទឹក កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ពេលនេះតុលាការខេត្តតាកែវ កំពុងតែបន្តនីតិវិធី។
តាមការលើកឡើងរបស់ជនរងគ្រោះបានរៀបរាប់ថា ឧកញ៉ា គង់ ចាន់ដេត រួមទាំងបក្សពួកបាន ប្រើហិង្សា វាយទាត់ធាក់ ប្រដាប់ដោយ ដំបង កាំបិត ពូថៅ ប្លន់យកទ្រព្យសម្បត្តិជាច្រើនរបស់ពួកគាត់ ដូចជាទូរស័ព្ទ មាស លុយជាដើម។

ជនរងគ្រោះបានបន្ថែមទៀតថា៖ បន្ទាប់ពីវាយប្លន់យកទ្រព្យសម្បត្តិរបស់ពួកគាត់ លោកឧកញ៉ា គង់ ចាន់ដេត ចិត្តតិរច្ឆានរូបនេះ បានស្រែកបញ្ជាឱ្យបក្សពួកគូកនរបស់ខ្លួន វាយសម្លាប់រួចយកទៅទំលាក់ចោលក្នុងទឹក។

ជនរងគ្រោះបន្តទៀតថា៖ សកម្មភាព វាយ ប្លន់ ប៉ុនប៉ង សម្លាប់ ដ៏សាហាវព្រៃផ្សៃ ពីសំណាក់ ឧកញ៉ា គង់ ចាន់ដេត ហើយនិងបក្សពួកទាំងនោះ មកលើពួកគាត់ដែរជាជនរងគ្រោះ ជាអ្នកសារព័ត៌មាន គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែរមិនអាចលើកលែងទោសបាន និងបានស្នើដល់ស្ថាប័នតុលាការកម្ពុជា ជួយផ្តល់យុត្តិធម៌ជូនពួកគាត់ដែលជាជនរងគ្រោះផង។
ទាក់ទិនទៅនឹងករណីខាងលើនេះដែរ មហាជន និងអង្គការសង្គមស៊ីវិល កំពុងតែរង់ចាំមើលចំណាត់ការរបស់តុលាការខេត្តតាកែវ ដែលមានឯកឧត្តម អ៊ាក ផល្លា ជាប្រធាននៃសាលាដំបូងខេត្ត តើឯកឧត្តមប្រធានគួរតែចាត់វិធានការច្បាប់បែបណាចំពោះបក្សពួកជនសង្ស័យ និងមេក្លោងដែលល្បីនាម ជា «ឧកញ៉ា»។
មហាជនជាច្រើន ក៏កំពុងតែរង់ចាំមើល ដែរថា តើ..? «ជោគវាសនារបស់លោក ឧកញ៉ា គង់ ចាន់ដេត រួមទាំងបក្សពួកគូកន អាចគេចផុតពីសំណាញ់ច្បាប់បានដែរឬយ៉ាងណា»។
សូមបញ្ជាក់ថា៖ ករណីហិង្សាវាយ ប្លន់ ប៉ុនប៉ងសម្លាប់ ខាងលើនេះ កើតឡើងកាលពីថ្ងៃ១៦ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រហូតមកទល់ពេលនេះជិតដល់ខួប១ឆ្នាំហើយ នៅមិនទាន់ចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់នោះទេ។
ជនរងគ្រោះសូមអំពាវនាវទទូចស្នើសុំដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមឯកឧត្តមមេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ដែលជាជនរងគ្រោះផងទាន៕
ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង