ឃាត់ខ្លួនជនជាតិចិនបានម្នាក់ក្នុងចំណោមបក្សពួក ៤នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សនិងជំរិតទារប្រាក់
ឃាត់ខ្លួនជនជាតិចិនបានម្នាក់ក្នុងចំណោមបក្សពួក ៤នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សនិងជំរិតទារប្រាក់
ផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០:១២នាទី
ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួន ជនជាតិចិនម្នាក់ជាបណ្តោះអាសន្ន ក្នុងចំណោមបក្សពួក៤នាក់ ករណីបង្ខាំងមនុស្សនិងជម្រិតទារប្រាក់ជាង៥៦ម៉ឺន៥ពាន់ដុល្លារ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនជាប់ចោទឈ្មោះ WANG ZHANG FU អាយុ ៤១ឆ្នាំជនជាតិចិន ជាពាណិជ្ជករស្នាក់នៅខុនដូ ព្រីនស៍ដាយមិនវ័ន ជាន់ទី១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែមេសាឆ្នាំ២០២២ មានជនជាតិចិន១ក្រុមមានគ្នា៤នាក់ជិះរថយន្តម៉ាកឡិចស៊ីស បានចាប់ជនរងគ្រោះ ដែលជាជនជាតិចិនដូចគ្នា រុញចូលរថយន្តនៅខណ្ឌទួលគោកយកទៅបាត់ រហូតដល់រំលងអធ្រាត្រចូលថ្ងៃទី៣ឧសភា ទើបជនសង្ស័យបានដោះលែងជនរងគ្រោះមកវិញ ជាថ្នូរនិងទឹកប្រាក់៥៦ម៉ឺន៥ពាន់ដុល្លារ។
បន្ទាប់ពីដោះលែង ជនរងគ្រោះក៏បានសហការជាមួយសមត្ថកិច្ច ប្តឹងចំពោះជនល្មើស៤នាក់នោះ ហើយក៏ចាប់បានម្នាក់ដែលពាក់ព័ន្ធក្នុងអំពើចាប់បង្ខាំងជម្រិតទារលុយ ចំណែក៣នាក់ទៀតបានរត់គេចខ្លួន តែកម្លាំងជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួន។
បច្ចុប្បន្នជនសង្ស័យដែលកម្លាំងនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធបទឧក្រិដ្ឋបង្ខាំងមនុស្សនិងជម្រិតទារប្រាក់៕