ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ប្រពន្ធលោក អ៊ុត រាជ្យ លោកស្រី ឆឹង អែម ដែលជាអ្នកកត់កន្ទុយលេខវៀតណាម រងការចោទប្រកាន់ថា មិនព្រមសងលុយ ដែលចាក់ត្រូវ_វគ្គ១

ភ្នំពេញ៖ លោកស្រី ឆឹង អែម ប្រពន្ធលោក អ៊ុត រាជ្យ មន្ត្រីស័ក្តិប្រាំ ត្រូវបានអ្នកចាក់កន្ទុយលេខឆ្នោតវៀតណាមម្នាក់ ចោទប្រកាន់ថា មិនព្រមសងលុយ ថ្លៃចាក់ឆ្នោតត្រូវ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២កន្លងទៅ។


យោងតាមការអះអាងពីជនរងគ្រោះឈ្មោះ អេង មួយណាក់ ដែលជាអ្នកចាក់កន្ទុយលេខ បានត្អូញត្អែរប្រាប់សារព័ត៌មានយើងថាលោកស្រី ឆឹង អែម អាយុ៤២ឆ្នាំ មានមុខរបរ អ៊ុត សក់ យីហោ «ប្រ៊ីតធី សាឡន» Pretty Saloon និងជាអ្នកទទួលកត់កន្ទុយលេខវៀតណាម ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដោយជនរងគ្រោះរូបនេះបានលើកឡើងថា«ឈ្មោះ ឆឹង អែម មិនព្រមសងលុយគាត់ថ្លៃចាក់ឆ្នោតត្រូវនោះទេ»។


ជនរងគ្រោះរូបនោះ បានបន្តទៀតថា៖ លោកស្រី ឆឹង អែម ដែលជាអ្នកទទួលកត់កន្ទុយលេខ រូបនេះ មិនត្រឹមតែមិនព្រមសងលុយនោះទេ ថែមទាំងស្រែកដោយអួតអាងថា «ទៅប្តឹងដល់ណាក៏ប្តឹងចុះគាត់មិនខ្លាចនោះទេ ព្រោះគាត់មានប្តីជាទាហាន ស័ក្តិបួន ស័ក្តិប្រាំ»។


ចំណែកឯលោកស័ក្តិប្រាំ ឈ្មោះ អ៊ុត រាជ្យ ដែលជាប្តីរបស់លោកស្រី ឆឹង អែម អ្នកទទួលកត់កន្ទុយលេខ បានលើកឡើង ដោយកាន់ជើងប្រពន្ធរបស់ខ្លួនថា «ប្រពន្ធរបស់លោកមិនមែនជាអ្នកលក់ឆ្នោតទេ គឺជាអ្នកចាក់ឆ្នោតដូចគេដូចឯង»។ ចំណែកឯកិច្ចសន្យាព្រមព្រៀងសងប្រាក់ គឺទាល់តែរកមេឆ្នោតឲ្យឃើញ ទើបមានលុយសង។


បើយោងតាមកិច្ចសន្យាព្រមព្រៀងសងប្រាក់ ឯណេះវិញ សង្កេតឃើញថា ឈ្មោះ ឆឹង អែម គឺបានទទួលស្គាល់ថាខ្លួនពិតជាអ្នកទទួលកត់កន្ទុយលេខ ពិតប្រាកដមែន ថែមទាំងមានប្តីជាមន្ត្រីស័ក្តិប្រាំព្រមធ្វើជាសាក្សី ក្នុងកិច្ចសន្យាទៀតផង។


ហេតុដូច្នេះ ការលើកឡើងខាងលើរបស់លោក អ៊ុត រាជ្យ មន្ត្រីស័ក្តិប្រាំ រូបនេះ ហាក់ដូចជាផ្ទុយពីកិច្ចសន្យាព្រមព្រៀងសងប្រាក់ដែលមានទាំងរូបលោកជាសាក្សី ពោលគឺ៖ កាន់ជើងប្រពន្ធខ្លួនឯងទាំងបំពាន។


ហើយជនរងគ្រោះក៏បន្តត្អូញត្អែរដោយលើកឡើងថា៖ ខ្លួនចាក់កន្ទុយលេខឆ្នោតវៀតណាម ពីឈ្មោះ ឆឹង អែម ដូច្នេះហើយការស៊ីសងទូទាត់លុយ គឺដឹងតែស៊ីសងពីឈ្មោះ ឆឹង អែម ចំពោះមេណា មេណីទៀតនោះ គឺគាត់អត់ដឹងទេ ដឹងតែស៊ីសងទូទាត់លុយពីឈ្មោះ ឆឹង អែម។


ជុំវិញបញ្ហានេះមហាជនជាច្រើនប្រហែលជាបានដឹងច្បាស់ហើយថា ការលេងល្បែងចាក់កន្ទុយលេខ គឺចាក់មេរូបណា ប្រាកដជាទូទាត់លុយ ជាមួយមេរូបនោះហើយ មិនមែនរកមេមិនឃើញ ដូចការលើកឡើងរបស់លោក អ៊ុត រាជ្យ មន្ត្រីស័ក្តិប្រាំ នោះទេ។មួយវិញទៀត ប្រសិនបើជាគ្មានមេកត់កន្ទុយលេខត្រឹមត្រូវ ធ្វើម្តេចគេចាក់កើត។


ជនរងគ្រោះឈ្មោះ អេង មួយណាក់ សូមសំណូមពរទទូចស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់សូមមេត្តាជួយអន្តរាគមន៍ករណីខាងលើនេះជូនដល់រូបគាត់ដែលជាជនរងគ្រោះផងទាន៕
ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង