
បែកធ្លាយទៀតហើយ ! លោកមាស ឬទ្ធី អធិការស្រុកព្រះនេត្រព្រះ យកឡានគ្រោះថ្នាក់ចរាចរណ៍ ទៅ ជួសជុលប្រើប្រាស់ ហើយទាមទារលុយ 2200$ ពីម្ចាស់រថយន្ត

យោងតាមប្រភពបែកធ្លាយ បានឲ្យដឹងថា៖ លោក មាស ឬទ្ធី អធិការស្រុកព្រះនេត្រព្រះ បានទាមទារលុយថ្លៃជួសជុល ពីម្ចាស់រថយន្តម៉ាក កូរ៉ូឡា ចំនួន 2200$ បន្ទាប់ពីម្ចាស់រថយន្ត ទៅសុំយករថយន្តត្រឡប់មកវិញ។ ប៉ុន្តែលោក មាស ឬទ្ធី អធិការស្រុករូបនេះ មិនព្រមប្រគល់រថយន្តនោះឲ្យម្ចាស់ដើមទេ ហើយលោក មាស ឬទ្ធី បាននិយាយថាទាល់តែបាន 2200$ ទើបព្រមប្រគល់រថយន្តឲ្យ។

ពាក់ព័ន្ធទៅនឹងករណីនេះខាងសារព័ត៌មានយើង ក៏បានសុំការបំភ្លឺពីលោក មាស ឬទ្ធី តាមរយៈទូរស័ព្ទ តែមិនអាចសុំការបំភ្លឺបានច្បាស់លាស់នោះទេ ព្រោះលោកឆ្លើយផ្ទុយពីសំណួរ ដែលសារព័ត៌មានសុំការបំភ្លឺ។ ហើយអធិការស្រុក លោក មាស ឬទ្ធី បានលើកឡើងដែរថាមកពីមិនមានម្ចាស់មកដោះស្រាយទើបគាត់យកទៅជួសជុលមកប្រើ។ ចំណែកឯផ្លូវច្បាប់វិញគាត់ថាជារឿងត្រឹមត្រូវ ដោយស្របច្បាប់។
ចំណែកឯលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ខាងសារព័ត៌មានយើង មិនទាន់បានសុំការបំភ្លឺនោះទេ ពាក់ព័ន្ធទៅនឹងកូនចៅរបស់លោកយករថយន្តទៅជួសជុលធ្វើជាកម្មសិទ្ធិ ដើម្បីបំរើការងារក្នុងអង្គភាព។
ករណីខាងលើនេះមហាជនជាច្រើនស្នើសុំដល់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សុំជួយបំភ្លឺនិងពិនិត្យមើលការងាររបស់លោក មាស ឬទ្ធី អធិការស្រុកព្រះនេត្រព្រះ ផងទាន៕




