ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

អភិបាលខេត្ដកែប លើកផ្ទាំងអបអរសាទរ​ពិធី​បើកការដ្ឋាន​សាងសង់​ ​គម្រោង​ព្រែកជីកហ្វូណនតេជោ នៅតាមដងផ្លូវក្នុង​ភូមិសាស្ត្រ​ខេត្ត

(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្ដកែប បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន លើកផ្ទាំងអបអរសាទរ​ពិធី​បើកការដ្ឋាន​សាងសង់ ​​គម្រោង​ព្រែកជីកហ្វូណនតេជោ​ លើផ្ទាំងប៉ាណូតាមដងផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រ​ខេត្ត ដើម្បីចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋាន នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩៖០៩នាទីព្រឹក ខាងមុខនេះ។

លោក សោម ពិសិដ្ឋ អភិបាលខេត្ដកែប បានប្រាប់មកបណ្ដាញព័ត៌មាន Khmer Sokrith News នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះថា លោកបានឲ្យមន្ដ្រីជំនាញ និងអាជ្ញាធរក្រុង-ស្រុក ទូទាំងខេត្ដកែប រៀបចំលើកផ្ទាំងអបអរសាទរពិធី​បើកការដ្ឋាន សាងសង់​​គម្រោង​ព្រែកជីកហ្វូណនតេជោ លើផ្ទាំងប៉ាណូតាមដងផ្លូវសំខាន់ៗ។

លោក សោម ពិសិដ្ឋ បានអំពាវនាវឲ្យនៅតាមមន្ទីរ-អង្គភាព, ទីតាមវត្ដអារាម, ព្រះសង្ឃ, មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្ដ ចូលរួមអបអរសាទរចំពោះសមិទ្ធផល ជាប្រវត្តិសាស្ត្របន្ថែមទៀត សម្រាប់កូនខ្មែរ តាមរយៈការវាយគង វាយស្គរ វាយប៉ោត ឬវាយអ្វីមួយ ដែលបង្កើតបានសំឡេង។

ទន្ទឹមគ្នានេះ លោក សោម ពិសិដ្ឋ ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងដ៏ធំជាប្រវត្តិសាស្ត្រនេះ ដែលជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងដែលបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យលេចចេញជារូបរាង ក្នុងពេលដ៏ខ្លីខាងមុខនេះ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ១,៧០០លានដុល្លារអាមេរិក។

ព្រែកជីកនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ -ល-។

និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង