ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយតំណាងសារព័ត៌មានមកពី ១១ស្ថាប័ន នៅទីស្តីការក្រសួងយុត្តិធម៌
នាព្រឹក ថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយតំណាងសារព័ត៌មានចំនួន ១១ស្ថាប័ន នៅទីស្តីការក្រសួងយុត្តិធម៌។ ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនអ្នកសារព័ត៌មាន អំពីវឌ្ឍនភាព នៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងសកម្មភាពការងារជាអាទិភាពរបស់ក្រសួងយុត្តិធម៌ និងព្រមទាំងបានរៀបចំផងដែរនូវយន្តការនៃកិច្ចសហការរវាងក្រុមការងារព័ត៌មានក្រសួងយុត្តិធម៌ និងបណ្តាញអ្នកសារព័ត៌មាន។ យន្តការទាំងនេះ រួមមាន៖
១. សហការក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ (ទី១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និង (ទី២)-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងពង្រីកការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយទៅដល់សាធារណជនទូទៅ
២. សហការក្នុងការបញ្ជូនព័ត៌មានពាក់ព័ន្ធនឹងសំណូមពរ និងការអំពាវនាវនានារបស់ប្រជាពលរដ្ឋមកកាន់ក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ ស្រាវជ្រាវ និងដោះស្រាយលើករណីទាំងនោះ
៣. សហការផ្សព្វផ្សាយអំពីសមិទ្ធផលការងារនានាដែលក្រសួងយុត្តិធម៌សម្រេចបាន តាមរយៈការដាក់ចេញនូវយុទ្ធនាការទាំងពីរខាងលើ និង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។