សំណង់ដ៏រឹងមាំគ្មានច្បាប់អនុញ្ញាតសាងសង់លើដីចំណីស្ទឹងសង្កែក្នុងភូមិឡឥដ្ឋសង្កាត់ព្រែកព្រះស្ដេចក្រុងបាត់ដំបងដំណើរការយ៉ាងរលូនមិនរំខានដល់មន្ត្រីពាក់ព័ន្ធឡើយ!!
ខេត្តបាត់ដំបង:ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានអោយអង្គភាពសារព័ត៌មានអាស៊ាន daily ដឹងថាដីចំណីស្ទឹង គឺជាដីដែលគ្មានប្លង់នោះទេ ជាដីសាធារណៈរបស់រដ្ឋឬមិនមានច្បាប់ឯណាឱ្យសាងសង់ សំណង់រឹងមាំបាននៅឡើយទេ ហើយអ្នកសាងសង់បំពានគឺត្រូវមានទោសថែមទៀតផង។ ប្រជាពលរដ្ឋដដែលបានបន្តទៀតថា ចុះមូលហេតុអ្វីបានជាសំណង់រឹងមាំកម្ពស់បួនជាន់មិនមានច្បាប់អនុញ្ញាតនៅក្នុងភូមិឡឥដ្ឋនេះ អាចសាងសង់បានយ៉ាងរលូនបែបនេះទៅវិញ?
ចំណុចនេះបានធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរនិងមន្ត្រីជំនាញ ក្រុងបាត់ដំបង មានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង បានជាមិនមានវិធានការទប់ស្កាត់បែបនេះ?
ពាក់ព័ន្ធបញ្ហានេះ អង្គភាពសារព័ត៌មានអាស៊ាន daily បានទំនាក់ទំនងទៅលោក ផេង សុទ្ធី អភិបាលក្រុងបាត់ដំបង
លោកបានប្រាប់ឲ្យអង្គភាពសារព័ត៌មានយើង ទៅសួរលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកដែលជាម្ចាស់សំណង់រឹងមាំកពស់បួនជាន់នេះ។ លោក ឡុង ផលគុណ ដែលជាម្ចាស់សំណង់អគាររឹងមាំនេះ បានថ្លែងមកកាន់អង្គភាពសារព័ត៌មានអាស៊ាន daily នៅព្រឹកថ្ងៃច័ន្ទទី២៧ ខែមិថុនា ឆ្នាំ២០២២នេះតាមទូរស័ព្ទថា<<សម្រាប់ដីដែលគាត់កំពុងតែសាងសង់អាគារសំណង់រឹងមាំនេះ គឺមានប្លង់រឹងចុះជាប្រពន្ធ័ត្រឹមត្រូវ ហើយការសាងសង់សំណង់រឹងមាំនេះ គឺលោកបានរត់ច្បាប់សុំការសាងសង់ ទៅខាងដែនដីនគរ រូបនីយកម្មសំណង់នៅភ្នំពេញ ជិតមួយឆ្នាំហើយ ហើយខាងមន្ទីរសូរិយោដីនគរូបនីយកម្មសំណង់ ខេត្តបាត់ដំបង បានអនុញ្ញាតឱ្យគាត់សាងសង់បណ្ដើរៗទៅ ហើយបើចង់ដឹងច្បាស់ សុំឱ្យទៅជួបប្រធានមន្ទីរសូរិយោដី ទៅ ព្រោះឯកសារនៅខាងមន្ទីរសូរិយោដីខេត្តទាំងអស់។
រហូតមកដល់ពេលនេះ អង្គភាពសារព័ត៌អាស៊ាន daily
មិនអាចសុំការស្រាយបំភ្លឺពីលោក អ៊ួ ដារី ប្រធានមន្ទីរសុរិយោដីខេត្តបានឡើយទេ ដោយបង្វែរឲ្យអង្គភាពយើងទំនាក់ទំនងទៅលោក វត្ថា ប្រធានការិយាល័យសំណង់។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក វត្ថា ប្រធានការិយាល័យសំណង់ បានឆ្លើយមកកាន់អង្គភាពសារព័ត៌មានពេញចិត្តមេឌា ដោយលោកបានបញ្ជាក់ថា ដីទីតាំងនោះ គេមានផ្លង់រឹង ឯងខាងលោកក៏មិនដែលបានចុះទៅត្រួតពិនិត្យដែរ ព្រោះម្ចាស់សំណង់ គេបានសុំច្បាប់ទៅខាងក្រសួងដែនដី ហើយខាងក្រសួង ក៏មិនទាន់
បានទម្លាក់ឯកសារមកឲ្យពួកគាត់ដែរ។ ចុងបញ្ចប់លោកបានបញ្ជាក់បន្ថែមថា កាដ្ឋានសំណង់នោះ ខាងក្រសួងក៏ធ្លាប់បានចុះមកត្រួតពិនិត្យម្ដងរួចមកហើយ ពាក់ព័ន្ធនឹងការសាងសង់
សំណង់រឹងនេះ ដោយមិនទាន់មានច្បាប់អនុញ្ញាត ម្ចាស់សំណង់អាចសាងសង់បាន ដោយសារតែ ការស្នើសុំច្បាប់នោះមានរយៈពេលយូរពេក។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋនិងមហាជន បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ ចំពោះសំណង់គ្មានច្បាប់សាងសង់ លើដីចំណីស្ទឹង មួយកន្លែងខាងលើនេះផង៕