ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

តើពិតដែរឬទេ..?? ព្រៃឈើរាប់រយហិកតាត្រូវបានលោក ទង់ គឹមតុល អភិបាលស្រុកប្រាសាទសំបូរចេញច្បាប់អនុញ្ញាតឲ្យឈ្មួញធ្វើការឈូសឆាយ!! !

ខេត្តកំពង់ធំ៖ តំបន់ដីព្រៃសហគមន៍រាប់រយហិចតា នៅចំណុចវាលស៊ុមឃុំ ស្ថិតនៅភូមិស្រើង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានលោក ទង់ គឹមតុល អភិបាលស្រុកប្រាសាទសំបូរ បើកដៃឱ្យឈ្មួញ ដែលមានអំណាចទឹកលុយ យកគ្រឿងចក្រចូលឈូសឆាយទន្ទ្រានកាប់ព្រៃ វាតយកដី ដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួន និងបក្សពួកនិយម មួយចំនួន..! នេះបើយោងតាមប្រភពព័ត៌មានដែរសារព័ត៌មានយើងទទួលបានពីពលរដ្ឋ។


យោងតាមប្រភពព័ត៌មានដែលសារព័ត៌មានយើងទទួលបាន បានឲ្យដឹងថា អភិបាលស្រុកប្រាសាទសំបូរ លោក ទង់ គឹមតុល ជាអ្នកបើកដៃឱ្យឈ្មួញ ដែលមាន ឈ្មោះ តិល វណ្ណឌី ចូលឈូសឆាយ ព្រៃឈើគំរបសហគមន៍ ដោយកាប់បំបំផ្លាញទន្ទា្រនយកដី ដោយមិនខ្វល់ខ្វាយពីច្បាប់។

ជុំវិញករណីខាងលើនេះក្រុមការងារសារព័ត៌មានយើងបាន ធ្វើបទសម្ភាសន៍ជាមួយលោក ហួត ឈាន មេឃុំស្រើង លោកមេឃុំបានប្រាប់សារព័ត៌មានយើងថា ករណីឈូសឆាយព្រៃសហគមន៍ នេះ គឺមានការអនុញ្ញាតពីលោក ទង់ គឹមតុល អភិបាលស្រុក ប្រាសាទសំបូរ។ លោកមេឃុំបានបញ្ជាក់ដូច្នេះ ថា ឈ្មួញដែលកាប់បំផ្លាញព្រៃសហគមន៍ គឺមានច្បាប់អនុញ្ញាតពីសាលាស្រុក រួចរាល់អស់ហើយ។

ក្នុងការលើកឡើងរបស់លោក ហួត ឈាន មេឃុំស្រើង រូបនេះ ក៏មិនមានឯកសារពាក់ព័ន្ធណាដើម្បីបង្ហាញជាការជាក់លាក់ ដល់សារព័ត៌មាននោះទេ ដោយលោក បានប្រាប់ថា លោកទើបតែទទួលបានការតែងតាំងថ្មីជាមេឃុំស្រើងនូវអាណត្តិទី០៥ ដោយរូបលោកគ្រាន់តែដឹងថា ការឈូសឆាយព្រៃសហគមន៍ទាំងនេះគឺមានការអនុញ្ញាតពីលោកអភិបាលស្រុក។

ទាក់ទិនទៅនឹង ក្លិនស្អុយភាយ ខាងលើនេះលោក ទង់ គឹមតុល អភិបាលស្រុកប្រាសាទសំបូរ មិនហ៊ានធ្វើការបកស្រាយបំភ្លឺជាមួយសារព័ត៌មានយើងទេ ដោយលោកនិយាយថារវល់ប្រជុំ ទោះសៅរ៍អាទិត្យ ក៏លោកមិនអាច បំភ្លឺបាននោះទេ នេះហាក់ដូចជាមានការពាក់ព័ន្ធខ្លាំងមែនទែន។

ដោយសារតែមាន ក្លិនស្អុយ ភាយៗ មិនល្អខាងលើនេះ មហាជនជាច្រើន សំណូមពរដល់លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ សូមលោកអភិបាលជួយបើកការស៊ើបអង្កេតផង ដើម្បី កុំឲ្យមានសាច់ដុះស្អុយ នាំឱ្យរលួយស្អុយដល់អង្គភាពខេត្ត៕

«ពាក់ព័ន្ធទៅនឹងការផ្សាយព័ត៌មានខាងលើនេះក្រុមការងារសារព័ត៌មានយើងនិងរងចាំការបំភ្លឺពីលោក ទង់ គឹមតុល អភិបាលស្រុកប្រាសាទសំបូរ រៀងរាល់ម៉ោងធ្វើការ»។

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង