ករណីចាប់រំលោភសេពសន្ទវៈនិងគំរាមបាញ់សម្លាប់លើក្មេងស្រីអាយុ ១៥ ឆ្នាំ នៅក្នុងខារ៉ាអូខេយីហោឌីអឹម DM KTV បែរជាសមត្ថកិច្ចមិនមានចំណាត់ការ !! !
ផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង
ភ្នំពេញ៖ ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់ដែលជាជនរងគ្រោះ រួមទាំងម្តាយ ដែលជាអ្នកបម្រើការងារនៅក្នុង ហាងខារ៉ាអូខេ យីហោឌីអឹម (DM KTV) បានរត់មករកអ្នកសារព័ត៌មានឲ្យជួយផ្សាយដើម្បីសុំកិច្ចអន្តរាគមន៍រកយុត្តិធម៌ ក្នុងករណីមេការហាង ម្នាក់បានបង្ខំចាប់រំលោភសេពសន្ទវៈលើរូបរាងកាយ ថែមទាំងគំរាមបាញ់សម្លាប់ បើសិនជាហ៊ានប្តឹងប៉ូលិស។
ជនរងគ្រោះជាក្មេងស្រីអាយុ១៥ឆ្នាំ រូបនោះ បានរៀបរាប់ប្រាប់សារព័ត៌មានយើងថា៖ «កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២សប្ដាហ៍មុន មេការហាងបានហៅរូបនាង ឲ្យចូលទៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនរួចបិទទ្វាខ្ទាស់គន្លឹះ ចាប់បង្ខំរំលោភលើរូបរាងកាយរបស់នាងបានសម្រេច ចំនួនមួយលើក»។
ក្មេងស្រីដែលជាជនរងគ្រោះ រូបនោះ បានបន្ថែមទៀតថា៖ «បន្ទាប់ពីមេការចិត្តតិរច្ឆាន ល្មោភកាមម្នាក់នោះ រំលោភនាងរួចហើយ មេការម្នាក់នោះបានគំរាមកំហែងបាញ់សម្លាប់រូបនាងទាំងគ្រួសារ និងដេញចេញពីកន្លែងធ្វើការទាំងពីរនាក់ម្តាយកូន បើសិនជាហ៊ានទៅប្តឹងប៉ូលិស»។
ម្តាយជនរងគ្រោះ និងជនរងគ្រោះ បានបញ្ជាក់ប្រាប់សារព័ត៌មាន ទៀតថា៖ «បន្ទាប់ពីមានការបង្ខំចាប់រំលោភ ថែមទាំងគំរាមបាញ់សម្លាប់ពីសំណាក់មេការហាងខាងលើនេះ ខ្លួនជាជនរងគ្រោះ និងម្តាយបានមកដាក់ពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍ការពារតាមផ្លូវច្បាប់ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដេប៉ូ៣ នៅថ្ងៃទី១៨ ខែកក្កដា២០២២ តែអកុសល រហូតមកដល់ពេលនេះលោកមេប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដេប៉ូទី៣ មិនទាន់រកយុត្តិធម៌ជូនគាត់ ដែលជាជនរងគ្រោះនោះទេ» បើគិតទៅជិតជាងមួយសប្តាហ៍ហើយ។
ជនរងគ្រោះ ជាក្មេងស្រី និងក្រុមគ្រួសារជាម្តាយ រួមទាំងម្តាយមីងបានប្រាប់សារព័ត៌មានថា៖ ដោយសារតែអស់ជំនឿលើការអនុវត្តច្បាប់របស់លោកមេប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដេប៉ូ៣ ក្មេងស្រីដែលជាជនរងគ្រោះ និងម្តាយ បានសម្រេចចិត្តរត់មករកអ្នកសារព័ត៌មាន ដើម្បីឲ្យជួយធ្វើការផ្សព្វផ្សាយសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្នើសុំដល់អង្គភាពប្រឆាំងការជួញដូរមនុស្សនិងកុមារ និងអង្គការ ស្ថាប័នពាក់ព័ន្ធ ផ្សេងៗ ទៀត ដើម្បីសូមឲ្យជួយរកយុត្តិធម៌ ជូនដល់គ្រួសាររបស់គាត់ដែរជាជនរងគ្រោះ ដោយត្រូវបានជនល្មោភកាមមានលុយមានអំណាចចាប់បង្ខំរំលោភបំពានលើរូបរាងកាយ ថែមទាំងគំរាមបាញ់សម្លាប់ចោរទាំងគ្រួសារ។
ក្នុងករណីបណ្តែតបណ្តោយមិនរកយុត្តិធម៌ឱ្យជនរងគ្រោះខាងលើនេះ លោកមេប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដេប៉ូ៣ បានឆ្លើយប្រាប់សារព័ត៌មានយើងថា៖ «រងចាំចំណាត់ការបញ្ជាពីមេធាវី និងថ្នាក់លើរបស់គាត់ដែលមានលោក សុខ ហេង ជាអធិការនគរបាលខណ្ឌទួលគោក»។
ចំណែកឯលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ឯណេះវិញ ក៏បានប្រាប់សារព័ត៌មានយើង ផ្ទុយពីមេប៉ុស្តិ៍វិញថា៖ «ករណីនេះលោកបានបញ្ជាឱ្យ មេប៉ុស្តិ៍សង្កាត់ផ្សារដេប៉ូ៣ ធ្វើការដោះស្រាយរកយុត្តិធម៌ឲ្យហើយ»។
ជុំវិញការលើកឡើងរបស់លោកមេប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដេប៉ូទី៣ ហើយនិងលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ខាងលើនេះហាក់បីដូចជាកុំពុងតែបាចទឹកដាក់គ្នាយករួចខ្លួន ដោយគ្មានការទទួលខុសត្រូវ តើឲ្យពលរដ្ឋសង្ឃឹមអ្វី?។
មហាជនជាច្រើនដែលរងការឈឺចាប់ជំនួសក្រុមគ្រួសារជនរងគ្រោះ បានសុំសំណូមពរអំពាវនាវទទូចស្នើសុំដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមជួយចាត់វិធានការចំពោះ លោកមេប៉ុស្តិ៍សង្កាត់ផ្សារដេប៉ូ៣ ហើយនិងលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោកផង ក្រោមហេតុផល៖ ជនរងគ្រោះដាក់ពាក្យបណ្តឹងចំនួន ០៨ថ្ងៃ មកហើយ បែរជាលោកសមត្ថកិច្ចទាំងពីរនាក់រូបនេះ មិនមានវិធានការ បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ រហូតធ្វើឱ្យជនសង្ស័យដឹងខ្លួនមុនរត់គេចខ្លួនបាត់ស្រមោល។
សូមបញ្ជាក់ដែរថា៖ ទីតាំងកន្លែងកើតហេតុខាងលើនេះស្ថិតនៅក្នុងហាងខារ៉ាអូខេ យីហោ ឌីអឹម (DM KTV) ដែលមានអាស័យដ្ឋានតាមបណ្តោយផ្លូវលេខ១១៨ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំណែកឯជនសង្ស័យឈ្មោះ ហុង មានតួនាទីជា ជីអឹម GM មេការធំប្រចាំហាងបន្ទាប់ពីថៅកែហើយប្រភពព័ត៌មានខ្លះបានឲ្យដឹងថា ជនសង្ស័យរូបនោះមានតួនាទីជាមន្ត្រីរាជការ តែមិនទាន់ដឹងថានៅក្នុងអង្គភាពមួយណានោះទេ៕