ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ដីតំបន់ទំនប់២០ឧសភា ដែលប្រជាពលរដ្ឋអាស្រ័យផល អស់រយៈពេលជាង៣០ឆ្នាំ ត្រូវបានក្រុមសហគមន៍ យកជួលឲ្យក្រុមហ៊ុយ៉ាងអណាធិបតេយ្យ

កំពង់ឆ្នាំង៖ លោកកែវ សុខន និងក្រុមគ្រួសារ ដែលជាពលរដ្ឋរស់នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានកើតទុក្ខមិនសុខចិត្ត ដោយលើកឡើងថាខាងក្រុមសហគមន៍២០ឧសភា ដែលមានលោក អ៑ុក ញ៉ុន ជាប្រធានសហគមន៍តំបន់ប្រើប្រាស់ទឹកទំនប់២០ឧសភា បានរំលោភបំពានយកដីរបស់គាត់ដែលអាស្រ័យផលអស់រយៈពេលជាង៣០ឆ្នាំ យកទៅជួលឲ្យក្រុមហ៊ុនដើម្បីសាងសង់សំណង់រឹងយកលុយចូលក្នុងសហគមន៍។

ប្រជាពលរដ្ឋរូបនោះបានប្រាប់សារព័ត៌មានយើងឲ្យដឹងពីទុក្ខកង្វល់របស់គាត់ថា ដីរបស់គាត់នៅត្រង់ចំណុចតំបន់ទំនប់២០ឧសភា បានធ្វើការអាស្រ័យតាំងពីដូនតា មកម្ល៉េះ ទើបតែបច្ចុប្បន្ននេះមានក្រុមហ៊ុនមួយបើកជារមណីយដ្ឋាន ដែលដឹកនាំដោយលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង ហើយនិងលោក ឈិន ជ័យរដ្ឋ បានសហការជាមួយ ប្រធានសមាគមន៍២០ឧសភា ចុះយកដីនៅចំណុចតំបន់ទំនប់២០ឧសភា នោះ មកសាងសង់ជាកញ្ជុះ ជាសំណង់រឹង និងសាងសង់ជាលំនៅដ្ឋានរបស់បុគ្គលទៅវិញ។

ពលរដ្ឋរូបនោះបានបន្ថែមដោយលើកឡើងថា៖ ប្រសិនណាបើដីដែលគាត់អាស្រ័យផលរាប់សិបឆ្នាំនោះ ត្រូវដកហូតជាសម្បត្តិរដ្ឋដោយប្រការណាមួយ ក៏គាត់សុខចិត្តដែរ តែត្រូវដកហូតទាំងអស់គ្នា មិនមែនដកហូតតែដីរបស់គាត់នោះទេ។

ពលរដ្ឋរូបនោះបានបន្តឲ្យដឹងទៀតថា៖ ដីដែលពលរដ្ឋផ្សេងៗ នៅក្បែរគាត់គឺមិនមានការដកហូត ដូចជាដីរបស់គាត់នោះទេ គឺមានការទិញលក់ពីមួយទៅមួយបានដោយសេរី ម្យ៉ាងវិញទៀតដីនៅតំបន់នោះគឺមានការសាងសង់ជាសំណង់រឹងមាំ ជាលំនៅដ្ឋានបានដោយរលូន។

តាមប្រភពពីលោកពូម្នាក់ដែលអះអាងថាខ្លួនជា អនុប្រធានសហគមន៍២០ឧសភា បានលើកឡើងថា ដីនៅតំបន់នេះជាដីរបស់រដ្ឋ ហើយខាងប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ហើយនិងមន្ត្រីពាក់ព័ន្ធផ្សេងទៀតបានធ្វើការដកហូតយកមកជាកម្មសិទ្ធរដ្ឋ ដោយឲ្យខាងសហគមន៍ជាអ្នកគ្រប់គ្រង និងជួលឲ្យទៅក្រុមហ៊ុនរមណីយដ្ឋាន ដើម្បីយកលុយចូលសហគមន៍។

ពលរដ្ឋរូបនោះបានលើកឡើងដោយរិះគន់ចំៗថា ការលើកឡើងរបស់លោកពូម្នាក់ ដែលអះអាងថាខ្លួនជាអនុប្រធានសហគមន៍២០ឧសភា ហាក់ដូចជាប្រាសចាកឆ្ងាយពីច្បាប់ខ្លាំងណាស់ ព្រោះថា បើសិនជាដីតំបន់នោះជាដីរបស់រដ្ឋ ហើយរដ្ឋត្រូវដកហូត ចុះហេតុអ្វី មានការទិញលក់ មានការសាងសង់លំនៅដ្ឋាន និងសាងសង់ជាសំណង់រឹងមាំទៅវិញ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះក្រុមការងារសារព័ត៌មានយើងក៏មិនទាន់បានសុំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធណាម្នាក់បាននោះទេ។

ហើយពលរដ្ឋរូបនោះបានស្នើសុំដល់លោក ចេង ចាន់ដូណា អភិបាលនៃគណៈអភិបាលស្រុកបរិបូណ៌ សូមមេត្តាជួយអន្តរាគមន៍រកដំណោះស្រាយជូនរូបគាត់ក្នុងករណីខាងលើនេះផងទាន៕

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង