ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការរំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមពិធីរាត្រីស្រមោសរដើម្បីប្រមូលថវិកាសម្រាប់ជួយដល់ការដោះមីននៅកម្ពុជា ”MBCC CHARITY GALA DINNER” សហការរៀបចំដោយសភាពាណិជ្ជកម្មម៉ាទ្បេស៊ីប្រចាំកម្ពុជា
(MBCC) និងអាជ្ញាធរមីនកម្ពុជា
(CMAA) នៅណាហ្គាវើល រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសដែលប្រកបដោយភាពអធិកអធម និងរីករាយនោះ ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍ថា តាមរយៈនយោបាយឈ្នះឈ្នះ កម្ពុជាបានវិវឌ្ឍប្រែក្លាយពីប្រទេសដែលជោគជាំដោយស្លាកស្នាមសង្គ្រាម ទៅជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័សហើយជោគ
ជ័យនេះសម្រេចទៅបានដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រោមចក្ខុ
វិស័យដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ព្រមជាមួយនឹងការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។ មកទល់ពេលនេះ កម្ពុជាមានសុខសន្តិភាពពេញលេញមិនមានការស្លាប់បាត់បង់
ជីវិតដោយសារសង្គ្រាមតែកាកសំណល់សង្គ្រាម និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែជាឃាតករលាក់មុខតាមយាយី ឆក់យកអាយុជីវិត អវយវៈ និងឱកាសរបស់ប្រជាពលរដ្ឋពីការចូលរួមពេញ
លេញក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច។
ឯកឧត្តម បណ្ឌិត បានបន្តថា ដោយស្មារតីរួបរួមសាមគ្គីគ្នា យើងនឹងបន្តប្រែក្លាយផ្ទៃដីដែលមានហានិភ័យឱ្យទៅជាផ្ទៃបង្កបង្កើនផល ផ្តល់នូវការអភិវឌ្ឍ និងផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីអាជ្ញាធរមីនកម្ពុជា (CMAA) និងការគាំទ្រពីកងយោធពលខេមរភូមិន្ទ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីចូលរួមក្នុងសកម្មភាពសម្អាតមីននៅកម្ពុជា និងឆ្ពោះទៅកម្ពុជាសូន្យមីនក្នុង ឆ្នាំ២០២៥
។ យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការរំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ជាចុងក្រោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសភាពាណិជ្ចកម្ម និងធុរជនម៉ាទ្បេស៊ីនៅកម្ពុជា ចំពោះទឹកចិត្តសប្បុរសធម៌ មនុស្សធម៌ ក្នុងការចូលរួមគាំទ្រដល់សកម្មភាពសម្អាតមីននៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ
១៩៩២ មកដល់ខែឧសភា ឆ្នាំ២០២២ ប្រទេសកម្ពុជាបានរំដោះដីដែលមានមីនទំហំ ២.៤១០,២៥ គីទ្បូម៉ែត្រការ៉េ សម្រាប់ប្រើប្រាស់ជាដីកសិកម្ម និងបានរកឃើញនិងបំផ្លាញចោលនូវមីនប្រឆាំងមនុស្សចំនួន ១.១៤០.៧៩៤ គ្រាប់ និងមីនប្រឆាំងរថក្រោះចំនួន ២៦.០៤៣ គ្រាប់ ព្រមទាំងសំណល់ជាតិផ្ទុះក្រោយសង្គ្រាមចំនួន ៣.០០៣.៨៣៥ គ្រាប់ផ្សេងទៀត ដោយផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋចំនួន ៧.៣៦៣.៣៤៤ នាក់ សើ្មនឹង ៣.៣៦៤.៣៨៧ គ្រួសារ៕