ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ពពួកក្រុមញៀនល្បែង កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់យ៉ាងអណាធិបតេយ្យ បែរជាលោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស រក្សាភាពស្ងៀមស្ងាត់ !!

ខេត្តតាកែវ៖ តាមសេចក្តីរាយការណ៍ពីពលរដ្ឋបាននិយាយ ជារៀងរាល់ថ្ងៃមានពពួកក្រុមញៀនល្បែងជល់មាន់ មកពីទីជិតទីឆ្ងាយ ជាច្រើនកុះករ បានប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យ នៅចំណុចភូមិក្រសាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងល្បែងស៊ីសងមាន់ជល់ ខាងលើនេះ មានលួចលាក់បង្កប់អាប៉ោង និងមានការភ្នាល់ចាប់ពី ប្រាំរយ រៀល 500៛ រហូតដល់ រាប់ពាន់មុឺនរៀល ចំណែកមាន់ជល់ ចាប់ពី ៥០០០០៛ ដល់ ១០០០០០៛ និងលើសពីនេះបើមានគូរសងសឹកពិសេស។

ពាក់ព័ន្ធទៅនឹងបញ្ហាបទល្មើសខាងលើនេះដែរ ពលរដ្ឋលើកឡើង ដោយរិះគន់ចំៗថា លោកឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស កំពុងតែរក្សាភាពស្ងៀមស្ងាត់ ដូចជាមានអ្វីលាក់បាំង ហើយមន្ត្រីមូលដ្ឋានលោក មេប៉ុស្តិ៍ ហាក់បីដូចជា មិនហ៊ានទប់ស្កាត់បង្ក្រាបសោះ មិនដឹងថាមកពីបញ្ហាអ្វី។

ករណីខាងលើនេះដែលពលរដ្ឋជាច្រើនកំពុងតែព្រួយបារម្ភចំពោះភាពអសន្តិសុខ កើតឡើងដោយយថាហេតុណាមួយ ព្រោះកន្លែងណាមានល្បែងស៊ីសង កន្លែងនោះប្រាកដជាមានបទល្មើសផ្សេងៗ កើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន។

ប្រជាពលរដ្ឋជាច្រើនស្នើដល់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមជួយចាត់វិធានការ ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានទាំងនោះផងទាន និងស្នើសុំដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ សូមជួយជាកម្លាំងបញ្ជាដល់មន្ត្រីក្រោមឱវាទផង ព្រោះកន្លងមកដោយសារតែល្បែងស៊ីសងនេះហើយ ទើបករណីហិង្សាប្លន់ កើតឡើង និងនៅមិនទាន់មានដំណោះស្រាយផង ជិត១ឆ្នាំហើយ៕

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង