ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេស នៃប្រទេសប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម Zardari បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលកម្ពុជា បានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានគោរពអញ្ជើញសម្ដេចតេជោ ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសប៉ាគីស្ថាន និងគោរពស្នើសុំសម្តេចតេជោ ពិចារណាបើស្ថានទូតកម្ពុជា នៅទីក្រុងឥស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ។

ឯកឧត្តម Zardari បានសង្កេតឃើញថា ប្រទេសកម្ពុជា មានសក្កដានុពល ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមនឹងពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដែលអាចធ្វើទៅបាន ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ល។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណដល់ឯកឧត្តម Zardari ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការប្រទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ សម្តេចតេជោ បានមានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះ គឺចំពេលដែលមានការចម្រុងចម្រាស់ខ្លាំងដូចជា៖ ករណីនៅប្រទេសមីយ៉ាន់ម៉ា ករណីសមុទ្រចិនខាងត្បូង ករណីសង្គ្រាមនៅអ៊ុយក្រែនជាដើម តែទោះជាយ៉ាងណាក៏ដោយ យើងបានរួមគ្នាធ្វើការរហូតទទួលបានជោគជ័យ។

សម្ដេចតេជោ បានទទួលយកនូវការអញ្ជើញទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉ាគីស្ថាន ហើយក៏បានទទួលឆ្លើយតបជាវិជ្ជមានចំពោះការស្នើសុំឱ្យពិចារណាបើកស្ថានទូតកម្ពុជា នៅទីក្រុងឥស្លាមម៉ាបាដ។ ជាការឆ្លេីយតបទៅនឹងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ សម្តេចតេជោ បានលើកទឹកចិត្តឲ្យឯកឧត្តម Zardari ជំរុញ និងលើកទឹកចិត្តវិនិយោគិនប៉ាគីស្ថាន ឱ្យមកកម្ពុជាដើម្បីពិនិត្យមើលលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលអាចធ្វើទៅបានជាពិសេស លើវិស័យដែលឯកឧត្តមបានលើកឡើង នោះគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ៕

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង