ទីតាំងល្បែងស៊ីសងខុសច្បាប់នៅក្នុងហាងកាហ្វេ កំពុងតែបង្ក ការភ័យខ្លាចដល់សុខទុក្ខពលរដ្ឋ បែរជាគ្មានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ !!
ភ្នំពេញ៖ ហាងកាហ្វេមួយកន្លែង ស្ថិតនៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កំពុងតែបង្កបង្កើតបទល្មើស ល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ» ពេញមូលដ្ឋាន និងបង្កការភ័យខ្លាចជាខ្លាំងចំពោះសុខទុក្ខរស់នៅរបស់ប្រជាពលរដ្ឋ។
ករណីខាងលើនេះដែរ ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ដែលមានលោក អ៊ុក បូនីន ជាអធិការនគរបាលខណ្ឌមានជ័យ រួមទាំងលោក សន ភឿន នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ១ មិនមានវិធានការទប់ស្កាត់បង្ក្រាបសោះ សង្ស័យតែខ្លាចបាត់បង់ប្រយោជន៍ ទើបមិនហ៊ានបង្ក្រាប។
ប្រជាពលរដ្ឋបន្ថែមទៀតថា៖ ល្បែងស៊ីសងខុសច្បាប់ទាំងនេះហើយដែលជាដើមចមនៃការបង្កបង្កើតពពួកបទល្មើសលួចឆក់ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខនៅក្នុងសង្គម ហើយម្ចាស់ទីតាំងហាងកាហ្វេមួយកន្លែងនេះ មិនដឹងថាថ្លើមធំប៉ុណ្ណា បានជាមានបារមីខ្លាំងពូកែអស្ចារ្យ ទើបសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាប។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រីក្រោមឪវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងផងទាន៕