ជនសង្ស័យជាមុខសញ្ញាឆក់យកទូរស័ព្ទដៃចំនួន០២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ខេត្តបាត់ដំបង! ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ ក៏ដូចជាមានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ នៅថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ១៤និង៤៨ នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ( ឆក់យកទូរស័ព្ទដៃ )០១ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន ០២នាក់ ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា! ជនសង្ស័យត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ រឿន ឯកលេនីន ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ( ជាអ្នកឌុប ) ទី២-ឈ្មោះ រ៉េត ដារ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ( ជាអ្នកធ្វេីសកម្មភាពឆក់ ) ។
លោបានបញ្ជាក់ទៀតថា ជាមួយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖
- ម៉ូតូម៉ាក យ៉ាម៉ាហា ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1K-1668 ចំនួន០១គ្រឿង
- ទូរស័ព្ទដៃ ម៉ាក VIVI Y21 ពណ៌ទឹកប៊ិច ចំនួន០១ គ្រឿង( ជារបស់ជនរងគ្រោះ ) ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ១៥និង៣០ នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជនសង្ស័យទាំង០២នាក់ខាងលើ បានធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃ របស់ជនរងគ្រោះ ឈ្មោះ ម៉ម ស្រីណា ភេទស្រី អាយុ ២០ ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅពេលដែលជនរងគ្រោះកំពុងជិះម៉ូតូនៅតាមដងផ្លូវ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរហូតមកដល់ពេលនេះត្រូវបានការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។