ស្រុកព្រៃឈរ ទីតាំងសង្វៀនជល់មាន់ បានបើកដំណើរការ វិញហើយ បន្ទាប់ពីផ្អាក មួយរយៈពេលខ្លី នេះសង្ស័យត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចក្នុងមូលដ្ឋាន
ខេត្តកំពង់ចាម៖ តាមសេចក្តីរាយការណ៍ព័ត៌មាន បានឱ្យដឹង ពួកក្រុមមេបនល្បែង បានសហការគ្នា ឲ្យបើកដំណើរការឡើងវិញហើយ នៃទីតាំងបនល្បែងសង្វៀនជល់ និងអាប៉ោង ដ៏ធំ ដែលគេដឹងថាប្រចាំនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មាន ក៏បានលើកឡើងថា សង្ស័យតែត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហើយទើបបានជាបើកដំណើរការឡើងវិញបានដោយរលូនបែបនេះ។
ប្រភពព័ត៌មានបានបន្ត ទៀតថា សមត្ថកិច្ចចាប់ពីថ្នាក់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រង៉ែ រហូតដល់ លោក អធិការនគរបាលស្រុកព្រៃឈរ លោក កែវ ស៊ាងហ៊ាន់ មិនមានវិធានការបង្ក្រាប សោះឡើយ នេះសង្ស័យតែជាឆ្នាំងបាយប្រចាំថ្ងៃហើយមើលទៅ។
ទោះជាយ៉ាងណាក្តីលោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឆ្លើយប្រាប់សារព័ត៌មានយើង លោកបានទទួលដឹងព័ត៌មានហ្នឹងហើយ ហើយលោកបានបញ្ជាឱ្យនាយប៉ុស្តិ៍ចុះទៅពិនិត្យមើលហើយ។
ជុំវិញការឆ្លើយប្រាប់របស់លោក អធិការស្រុក រូបនេះ ហាក់បីដូចជា មានការលាក់លៀមខ្លាំងណាស់ ព្រោះមិនមានរបាយការណ៍ណាមួយឲ្យប្រាកដសោះ ថាកម្លាំងប៉ុស្តិ៍ចុះទៅ។
ចំណែកឯសកម្មភាព ក្រុមញៀនល្បែង បែរជាឃើញថា បន្តលេងយ៉ាងសប្បាយរីករាយទៅវិញ ពោលគឺមិនខ្លាចសមត្ថកិច្ចបន្តិចនោះទេ។
ពលរដ្ឋស្នើដល់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ហើយនិងលោក ឯម កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមលោកទាំងពីរមេចាត់មន្ត្រីជំនាញចុះទៅបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕