ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានលើកឡើងថា ដីត្រង់ចំណុចភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង មានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ

លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានលើកឡើងប្រាប់សារព័ត៌មានយើងថា ដីចំនួន១៦ហិចតា នៅត្រង់ចំណុចភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលរៀបចំទុកសម្រាប់ដាក់រថយន្តដឹកជញ្ជូនចាស់ៗរបស់កងទ័ព គឺមានអនុញ្ញាតត្រឹមត្រូវពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធ មិនមែនជាការរំលោភបំពានលើដីកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះទេ។

លោកមេបញ្ជាការបានលើកឡើងដូច្នេះ ដោយមួយរយៈនេះមានបណ្តាញសារព័ត៌មាននៅតាមសង្គមហ្វេសប៊ុកនានា តែងតែមានការយល់ច្រឡំថាដីនៅចំណុចទីតាំងខាងលើ ជាដីព្រៃរបស់សហគមន៍ និងមានការសាងសង់ជាបន្ទាយសម្រាប់ដាក់រថយន្ត ដោយគ្មានការអនុញ្ញាត។

លោកឧត្តមសេនីយ៍ទោបានឲ្យដឹងដែរថា ដីដែលមានទំហំ១៦ហិចតាត្រង់ចំណុចទីតាំងខាងលើ មិនត្រឹមតែធ្វើបន្ទាយសម្រាប់ដាក់រថយន្តចាស់ៗនោះទេ គឺធ្វើការដាំដំណាំស្រូវបន្លែផ្សេងៗជាច្រើន សម្រាប់ការផ្គត់ផ្គង់ដល់កងទ័ព ពោលគឺ៖ មិនមែនជារបស់បុគ្គលណាម្នាក់នោះទេ។

លោកមេបញ្ជាការក៏បានបញ្ជាក់ទៀតថា រូបភាពដែលយកមកចែកចាយតាមសង្គមហ្វេសប៊ុក គឺជារូបភាពចាស់តាំងតែពីឆ្នាំ២០១៩មកម្ល៉េះ ដូចនេះសូមកុំឲ្យមហាជនមានការភាន់ច្រឡំ។

លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានសំណូមពរដែរថា សូមកុំឲ្យមានការផ្សព្វផ្សាយនូវព័ត៌មានដែលធ្វើប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អង្គភាពកងទ័ព ដូចជាសេចក្តីថ្លៃថ្នូររបស់លោកផ្ទាល់៕

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង