ខណ្ឌច្បារអំពៅ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅតែអាចបន្តបើកដំណើរការបានយ៉ាងរលូន ដោយគ្មានការរំខានដល់លោក ម៉ៅ សឿត_វគ្គ២
ទីតាំងល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញ នៅភូមិព្រៃធំមួយ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងចំណុចផ្ទះយាយផៃ នៅតែអាចបន្តបើកដំណើរការបានយ៉ាងរលូន ដោយគ្មានការរំខានដល់លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបន្តិចសោះឡើយ។
តាមប្រភពព័ត៌មានជាក់ស្តែងបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ក៏កំពុងតែបានបង្វក់ដល់ពលរដ្ឋខ្មែរមួយចំនួនរួមទាំងក្មេងតូចឲ្យវក់វីទៅលើល្បែងស៊ីសងខុសច្បាប់ភ្នាល់លុយ។ ចំណែកឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានហាក់ដូចជាត្រូវគ្នាជាមួយម្ចាស់ទីតាំងល្បែងស៊ីសងខ្លាំងមែនទែន ទើបបានជាបណ្តែតបណ្ដោយយ៉ាងនេះ។
ករណីនេះពលរដ្ឋលើកឡើងថាកន្លែងណាមានល្បែងស៊ីសង កន្លែងនោះប្រាកដជាមានបទល្មើស លួច ឆក់ ប្លន់ កាប់សម្លាប់ ជាពិសេសអំពើហិង្សាក្នុងគ្រួសារ អំពើពុករលួយក្នុងសង្គម ហើយអំពើទាំងអស់នេះកំពុងតែដើរផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ពាក់ព័ន្ធទៅនឹងទីតាំងលេងល្បែងស៊ីសងភ្នាល់លុយខុសច្បាប់ ខាងលើនេះ ក្រុមការងារសារព័ត៌មានយើងក៏ធ្លាប់បានទំនាក់ទំនងទៅកាន់លោក អ៊ុន ប៊ុណ្ណា មេប៉ុស្តិ៍នគរបាលសង្កាត់ក្បាលកោះ តាមរយៈលេខទូរស័ព្ទ 095747878 ដើម្បីសុំឲ្យមានការសហការចុះបង្ក្រាបទប់ស្កាត់ ប៉ុន្តែលោកមេប៉ុស្តិ៍រូបនេះ គ្រាន់តែឮឈ្មោះម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ ត្រង់ចំណុចខាងលើស្រាប់តែឆ្លើយថាស្ដាប់អត់បានស្ដាប់អត់ឮ អត់សេវា ហើយក៏បិទទូរស័ព្ទខលលែងលើកតែម្តង។ (ហាក់ដូចជាមានការលាក់បាំងខ្លាំងមែនទែន)
ជុំវិញទៅនិងករណីខាងលើនេះដែរ ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រីជំនាញក៏ដូចជាជួយបញ្ជាដល់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅឲ្យដឹកនាំកម្លាំងចុះទៅបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕