ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

បនល្បែងស៊ីសងភ្នាល់ខុសច្បាប់តាមប្រព័ន្ធអនឡាញកំពុងដំណើរការយ៉ាងរលូនខណៈអាជ្ញាធរនិងសមត្ថកិច្ចក្រុងបាត់ដំបងរក្សាភាពស្ងៀមស្ងាត់!! !

ខេត្តបាត់ដំបង៖ ទីតាំងបើកលេងល្បែងស៊ីសង «ភ្នាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗជាច្រើន តាមប្រព័ន្ធអនឡាញ» ដល់ធំកំពុងតែបើកដំណើរការយ៉ាងរលូន ក្នុងផ្ទះល្វែងគ្មានលេខ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ទល់មុខអាហារដ្ឋានម្ហូបខ្មែរ៧៧។

តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះ បានលួចលាក់បើកដំណើរការ ល្បែងភ្នាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ ដោយមានជនញៀនល្បែងចេញចូលយ៉ាងសស្រាក់សស្រាំ បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន ក្រុងបាត់ដំបងសម្ងំស្ងៀមដូចជាត្រូវស្នេហ៍ម្ចាស់បនល្បែង។

ពលរដ្ឋជាច្រើនកំពុងតែរងការភ័យខ្លាចយ៉ាងខ្លាំង ចំពោះវត្តមានទីតាំងល្បែងស៊ីសងមួយនេះ ព្រោះកាលណាមានបទល្មើសល្បែងស៊ីសង ប្រាកដជាមានបទល្មើស ហិង្សា លួច ឆក់ ប្លន់ កើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន។

ប្រជាពលរដ្ឋដែលរស់នៅក្នុងនិងក្រៅមូលដ្ឋាន ស្នើសុំដល់លោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង សូមជួយចេញបទបញ្ជាដល់លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ឲ្យដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន៕

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង