ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

មន្ត្រីយោធាពាក់ស័ក្តិប្រាំម្នាក់ឈ្មោះ អ៊ុត រាជ្យ ដែលជាសាក្សីក្នុងកិច្ចសន្យាព្រមព្រៀងសងលុយកន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់ គំរាមប្ដឹងអ្នកសារព័ត៌មាន-វគ្គ 2

ភ្នំពេញ៖ មន្ត្រីយោធា ពាក់ស័ក្ដិប្រាំ ម្នាក់ដែលមានឈ្មោះ អ៊ុត រាជ្យ ត្រូវជាប្តីអ្នកទទួលកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់ បាន ប្រមានប្តឹងអ្នកសារព័ត៌មាន ទៅតាមផ្លូវច្បាប់ បើមិនព្រមផ្សាយបំភ្លឺលាងសំអាតភាពកខ្វក់ដែលខ្លួនបានចេញមុខ ធ្វើជាសាក្សីសងលុយ ថ្លៃត្រូវឆ្នោតចំនួន ៨លាន ៨០មុឺន រៀល (៨៨០០០០០៛)។

នេះបើយោងតាមលិខិតបំភ្លឺ ដែលទើបតែបែកធ្លាយ ថ្មីៗ តាមបណ្តាញប្រព័ន្ធ តេលេក្រាម telegram និងសារវីដេអូឡាយតាមប្រព័ន្ធផ្សព្វផ្សាយហ្វេសប៊ុក បានបញ្ជាក់ឲ្យដឹងថា លោកមន្ត្រីយោធា ពាក់ស័ក្តិប្រាំ ឈ្មោះ អ៊ុត រាជ្យ និងប្រពន្ធ ឈ្មោះ ឆឹង អែម ដែលជាអ្នកទទួលកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់ បានប្រមានកប់កប់មាត់ មកកាន់សារព័ត៌មាន ដែលបានផ្សព្វផ្សាយរឿងកខ្វក់របស់ខ្លួន ពាក់ព័ន្ធទៅនឹងករណីលួចលាក់កត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់ ឲ្យទៅជនរងគ្រោះឈ្មោះ អេង មួយណាក់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កន្លងទៅ។

«ដោយក្នុងលិខិតបំភ្លឺ និងសារវីដេអូឡាយ បានបញ្ជាក់ថា លោក អ៊ុត រាជ្យ មន្ត្រីយោធាស័ក្តិប្រាំ មិនមានអ្វីពាក់ព័ន្ធជាមួយ បទល្មើសឆ្នោតវៀតណាម ដែលប្រពន្ធរបស់ខ្លួនបានប្រព្រឹត្តនោះទេ ដោយរូបលោកគិតតែពីបម្រើការងាររាជការ និងស្តាប់តាមការណែនាំរបស់ថ្នាក់ដឹកនាំក្នុងកិច្ចការងារ»។

គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ មានពលរដ្ឋម្នាក់អះអាងថាជាជនរងគ្រោះឈ្មោះ អេង មួយណាក់ ដែលជាអ្នកចាក់កន្ទុយលេខឆ្នោតវៀតណាម បានត្អូញត្អែរប្រាប់សារព័ត៌មានយើងថា លោកស្រី ឆឹង អែម អាយុ៤២ឆ្នាំ មានមុខរបរ អ៊ុត សក់ យីហោ «ប្រ៊ីតធី សាឡន» Pretty Saloon និងជាអ្នកទទួលកត់កន្ទុយលេខវៀតណាម ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មិនព្រមសងលុយគាត់ថ្លៃចាក់ឆ្នោតត្រូវ។

ជនរងគ្រោះរូបនេះបានបញ្ជាក់ដោយលើកឡើងទៀតថា «ឈ្មោះ ឆឹង អែម ដែលជាអ្នកទទួលកត់កន្ទុយលេខ រូបនេះ មិនត្រឹមតែមិនព្រមសងលុយនោះទេ ថែមទាំងស្រែកដោយអួតអាងថា «ទៅប្តឹងដល់ណាក៏ប្តឹងចុះគាត់មិនខ្លាចនោះទេ ព្រោះគាត់មានប្តីជាទាហាន ស័ក្តិបួន ស័ក្តិប្រាំ»។

គ្រានោះផងដែរ ក្រុមការងារសារព័ត៌មានយើង បានព្យាយាមទំនាក់ទំនងខលទៅ ឈ្មោះ ឆឹង អែម អ្នកកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់ដើម្បីសុំការបំភ្លឺ តែឈ្មោះ ឆឹង អែម អ្នកលក់ឆ្នោតវៀតណាមខុសច្បាប់ រូបនេះ មិនហ៊ានបំភ្លឺនោះទេ ដោយឲ្យខលទៅ លេខទូរស័ព្ទ 098414444 ។ ឈ្មោះ ឆឹង អែម អ្នកកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់ រូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានយើងថា បើចង់ដឹងរឿងនិងច្បាស់ឲ្យខលទៅលេខទូរស័ព្ទនិងទៅ ប្រាកដជាដឹងច្បាស់ហើយ។

ភ្លាមនោះផងដែរក្រុមការងារសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅលេខទូរស័ព្ទ 098414444 របស់លោក អ៊ុត រាជ្យ មន្ត្រីស័ក្តិប្រាំ ត្រូវជាប្តីរបស់ឈ្មោះ ឆឹង អែម អ្នកទទួលកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់ បានបំភ្លឺដោយលើកឡើងកាន់ជើងប្រពន្ធរបស់ខ្លួនថា «ប្រពន្ធរបស់លោកមិនមែនជាអ្នកលក់ឆ្នោតទេ គឺជាអ្នកចាក់ឆ្នោតដូចគេដូចឯង»។ ចំណែកឯកិច្ចសន្យាព្រមព្រៀងសងប្រាក់ គឺទាល់តែរកមេឆ្នោតឲ្យឃើញ ទើបមានលុយសង។

ដោយក្រុមការងារសារព័ត៌មានយើង មានវិជ្ជាជីវៈត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ ក៏បានពិនិត្យមើលលើកិច្ចសន្យាព្រមព្រៀងសងប្រាក់ យ៉ាងម៉ត់ចត់ ក៏សង្កេតឃើញថា ឈ្មោះ ឆឹង អែម គឺបានទទួលស្គាល់ថាខ្លួនពិតជាអ្នកទទួលកត់កន្ទុយលេខឆ្នោតវៀតណាម ពិតប្រាកដមែន ថែមទាំងមានប្តីជាមន្ត្រីស័ក្តិប្រាំព្រមផ្តិតមេដៃធ្វើជាសាក្សី ក្នុងកិច្ចសន្យាសងប្រាក់ទៀតផង។

ហេតុដូច្នេះការលើកឡើងរបស់លោក អ៊ុត រាជ្យ មន្ត្រីស័ក្តិប្រាំ ត្រូវជាប្តី អ្នកកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់ ឈ្មោះ ឆឹង អែម ហាក់ដូចជាផ្ទុយពីកិច្ចសន្យាព្រមព្រៀងសងប្រាក់ ដែលមានទាំងរូបលោកជាសាក្សី ពោលគឺ៖ កាន់ជើងប្រពន្ធខ្លួនឯងទាំងបំពាន។

ក្នុងករណីនេះជនរងគ្រោះក៏បាន បញ្ជាក់ពីជំហររបស់ខ្លួន ដោយអះអាងថា «ខ្លួនចាក់កន្ទុយលេខឆ្នោតវៀតណាម ពីឈ្មោះ ឆឹង អែម ដូច្នេះហើយការស៊ីសងទូទាត់លុយ គឺដឹងតែស៊ីសងពីឈ្មោះ ឆឹង អែម ចំពោះមេណា មេណីទៀតនោះ គឺគាត់អត់ដឹងទេ ដឹងតែស៊ីសងទូទាត់លុយពីឈ្មោះ ឆឹង អែម ដែលជាអ្នកទទួលកត់ឆ្នោតពីរូបគាត់»។

ជនរងគ្រោះដែលចាក់ឆ្នោតត្រូវហើយបែរជាគេមិនសងលុយឈ្មោះ អេង មួយណាក់ សូមសំណូមពរទទូចស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់សូមមេត្តាជួយអន្តរាគមន៍ករណីខាងលើនេះជូនដល់រូបគាត់ដែលជាជនរងគ្រោះផង ជាពិសេសស្នើសុំដល់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ហើយនិងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សូមមេត្តាជួយរកយុត្តិធម៌ជូនរូបគាត់ផង៕

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង