
ស្រុកអង្គរបុរី៖ល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែងកំពុងតែបង្កការក្តៅក្រហាយយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដោយគ្មានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធឡើយ!!
ខេត្តតាកែវ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ តាមទូរទស្សន៍អនឡាញ» ជាច្រើនកន្លែងក្នុងស្រុកអង្គរបូរី ខេត្តតាកែវ ក្នុងចំណុចឃុំពន្លៃ និងតាមបណ្តាឃុំផ្សេងៗទៀត ទូទាំងស្រុកអង្គរបូរី កំពុងតែបង្កការក្តៅក្រហាយយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ បែរជាអធិការស្រុក លោក យ៉ុង ប៊ុនយ៉ុន សម្ងំស្ងៀមដោយមិនហ៊ានបង្ក្រាប។ នេះដូចជាបណ្តែតបណ្ដោយពេកហើយ។


តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះមានឈ្មោះ ប៊ូ ម៉ៅ ជាអ្នកកាងពីក្រោយ ដោយឈ្មោះ ប៊ូ ម៉ៅ រូបនេះផ្តិតមេដាយធានាដល់ម្ចាស់ផ្ទះ (ម្ចាស់ទីតាំង) ដើម្បីពង្វក់ខួរក្បាលរបស់ម្ចាស់ផ្ទះឲ្យឆ្អួតវង្វេងនិងមុខរបរខុសច្បាប់។

ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ» ដែលកំពុងតែប្រមូលគ្នាលេងយ៉ាងអណាធិបតេយ្យទាំងនេះ ពលរដ្ឋជាច្រើនកំពុងតែសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពក្រុមគ្រួសាររបស់ពួកគាត់ ព្រោះហេតុថា អ្នកញៀនល្បែងកាន់តែមានកំណើនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ពាក់ព័ន្ធទៅនឹងករណីល្បែងស៊ីសង រីកដុះដាលដូចផ្សិត ខាងលើនេះ លោក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុកអង្គរបូរី កំពុងតែសម្ងំស្ងៀម ដោយរក្សាភាពស្ងៀមស្ងាត់និងគ្មានវិធានការទប់ស្កាត់ឬបង្ក្រាបសោះឡើយ ទោះបីជាមានពលរដ្ឋនិងខាងសារព័ត៌មានរាយការណ៍ ក៏លោកអធិការស្រុករូបនេះ នៅតែមិនបង្ក្រាប (នេះហាក់បីដូចជាមានការលាក់បាំងខ្លាំងមែនទែន)។

ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមមេត្តាចាត់សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចុះពិនិត្យបង្ក្រាបទីតាំងល្បែងស៊ីសងខាងនេះផងទាន និងស្នើសុំឲ្យជួយងូតទឹកសិតសក់ ដុះក្អែលជូនដល់លោក យ៉ុង ប៊ុនយ៉ុន អធិការស្រុកអង្គរបូរី ផង កុំឲ្យគាត់ស្ពឹកជាប់ត្រគៀក មិនហ៊ានចេញមុខមកបង្ក្រាបបទល្មើស៕
