
ខ្លាំងមែនបុគ្គលឈ្មោះហុងម្ចាស់គ្រឿងចក្រហ៊ានលួចឈូសឆាយដីរដ្ឋដោយគ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ!! !!
ខេត្តកណ្តាល៖ តំបន់ព្រៃរនៀមក្នុងផ្ទៃដីបឹងដូនប៉ែន ដែលជាសម្បត្តិរបស់រដ្ឋ ស្ថិតនៅឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានបុគ្គលឈ្មោះ ហុង ម្ចាស់គ្រឿងចក្រ ធ្វើការឈូសឆាយ កាប់បំផ្លាញ់ព្រៃដើមរាំង ដើមត្រស់ ព្រៃរនៀម ព្រៃឈើផ្សេងទៀត ដោយគ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ។

តាមព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា នៅចំណុចបឹងដូនប៉ែនគឺជាដីបឹងរបស់រដ្ឋ តែសព្វថ្ងៃនេះឃើញមានឈ្មួញរកស៊ីដីធ្វើការទិញលក់យ៉ាងអនាធិបតេយ្យ ថែមទាំងធ្វើការឈូសឆាយយ៉ាងគគ្រឹកគគ្រេង ដោយគ្មានរំខានដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន។
យោងតាមបទសម្ភាសន៍ពីលោក ភីន លីមបឿន មេឃុំតាលន់ បានប្រាប់សារព័ត៌មាន ថា ដីនៅចំណុចទីតាំងខាងលើនេះ ពិតជាដីបឹងរបស់រដ្ឋ ចំណែកឯការឈូសឆាយគាត់មិនបានដឹងនោះទេ ហើយរឿងលក់ដីបឹងដែលជាសម្បត្តិរដ្ឋនៅចំណុចខាងលើនេះ រូបលោកក៏បានដឹងឮដែរ គឺពិតជាមានការទិញលក់ពិតប្រាកដ។

តាមប្រភពពីលោកពូម្នាក់ដែលជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា បក្សពួកអ្នកទិញដីរដ្ឋនៅចំណុចខាងលើ គឺជាលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់សព្វថ្ងៃនេះឯង ហើយលោកមេប៉ុស្តិ៍នេះហើយជាអ្នកដឹកនាំបក្សពួកចុះទិញដីរដ្ឋ។ តែមិនដឹងថាទិញយកទៅឲ្យនណានោះទេ គឺដឹងតែលោកមេប៉ុស្តិ៍និងគូកនជាអ្នកទិញ។

លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានដែរថា លោកហើយនិងគ្នីគ្នារបស់លោកពិតជាដើរវាស់វែងទិញដីនោះពិតប្រាកដមែន ដោយលោកលើកឡើងថាការទិញដីនៅចំណុចបឹងដូនប៉ែននេះ គឺទិញឲ្យឈ្មួញ មិនមែនទិញយកខ្លួនឯងនោះទេ។

មហាជនជាច្រើនបានលើកឡើង ដោយសង្ស័យថា បុគ្គលឈ្មោះ ហុង ម្ចាស់គ្រឿងចក្រ ដែលថ្លើមធំហ៊ានលួចឈូសឆាយដីព្រៃរបស់រដ្ឋ ខាងលើនេះ ទំនងជាគ្នីគ្នារបស់លោកមេប៉ុស្តិ៍នគរបាលតាលន់ហើយមើលទៅ។
ចំណែកឯលោកអភិបាលស្រុកស្អាង ឯណោះវិញ ហាក់ដូចជាប្រងើយកន្តើយខ្លាំងណាស់ ចំពោះករណីខាងលើនេះ ដោយរូបលោកជាអភិបាលស្រុកតែបែរជាមិនដឹងរឿង តើឲ្យពលរដ្ឋសង្ឃឹមអ្វី?

ពលរដ្ឋស្នើដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមឯកឧត្តមជួយចាត់វិធានការក្តៅ ចំពោះបុគ្គលឈ្មោះ ហុង ដែលហ៊ានលួចឈូសឆាយព្រៃ និងចាត់វិធានការចំពោះបុគ្គលបក្សពួកដែលហ៊ានវាស់យកដី បឹងរបស់រដ្ឋ តាមផ្លូវច្បាប់ផងទាន៕




