ក្រោយសែនជ្រូកខ្វៃដល់ឆ្ងាញ់ម៉ាកFranklinអស់ 5 ទៅ 6 ក្បាលដល់អ្នកតាម្ចាស់ស្រុកហ្គេមអនឡាញលេងលួចលាក់នៃពួកជនជាតិចិនបានដំណើរការឡើងវិញហើយ!! !!
ភ្នំពេញៈ ទីតាំងប្រតិបត្តការហ្គេមអនឡាញ លួចលាក់នៃពួកចិនបានផ្អាកដំណើរការលេងមួយដង្ហើមចង្រិត ហើយក៏បានបើកដំណើរការឡើងវិញ បន្ទាប់ពីសែនជ្រូកខ្វៃដ៏ឈ្ងុយ
ឆ្ងាញ់ម៉ាក Franklin អស់៥ទៅ៦ក្បាលដល់អ្នកតាម្ចាស់ស្រុកត្រូវរួចមក ។
«ហ្គេមអនឡាញ» លួចលាក់នៃពួកជនជាតិចិនខាងលើនេះ ពួនសង្ងំប្រតិបត្តិការបានយកទីតាំងអគារភ្លោះទល់មុខគ្នាកម្ពស់៥ជាន់ដែលមានស្លាកយីហោ ផ្គត់ផ្គង់សម្ភារ
សំណង់ ការ៉ូគ្រឿងសង្ហារឹមផ្សេងៗ នៅច្រមុះជ្រូកច្រកចូល វត្តឃ្មួញ តាមបណ្ដោយផ្លូវហាន់ណូយ ស្ថិតក្នុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សភាពខាងក្រៅនៃទីតាំងមើលទៅធម្មតា ហាក់បីដូចជាអគារគេទុកចោល តែទីនោះមានការយាមកាមយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់កងកម្លាំងចម្រុះមានស្លៀកពាក់ឯកសណ្ឋាន
តែមិនមានស្លាកឈ្មោះ តាំងពីមាត់ទ្វា ជណ្តើរឡើង និងមុខបន្ទប់នីមួយៗក្នុងន័យការពារការជ្រៀតចូលរបស់អ្នកខាងក្រៅ ឬការលួចរត់របស់អ្នកខាងក្នុងនាំអោយបែកការ។
ទីនោះក៍មានសេវាបង្កប់ផ្លូវភេទដែលមានតម្លៃចាប់ពី៣០០ដុល្លារឡើងទៅ ដោយមានការចាត់ចែងពីមេក្រុមចិនតាមផ្នែកនីមួយៗ។
រាល់បុគ្គលិកចិន និង វៀតណាមដែលបម្រើការនៅទីនោះ ចេញ ឬចូលត្រូវមានការអនុញ្ញាតពីថៅកែចិន ឬក៍មេក្រុមចិនទើបអាចចេញឬចូលបានតាមរយៈទ្វារក្រោយ
ផ្នែកខាងត្បូងតាមផ្លូវបេតុង។
កន្លែងប្រតិបត្តការហ្គេមអនឡាញ នេះពួកចិនបានចោលដានយ៉ាងស្អាតគឺចាក់សោបិទទ្វារខាងមុខពុំឱ្យមនុស្សចេញឬចូលឡើយ។ ទីនោះបើគេមើលមួយភ្លែតហាក់បីដូចជា
ស្ងាត់ស្ងៀមល្អណាស់ ប៉ុន្តែអគារនោះអាចផ្ទុកមនុស្សបានខ្ទង់ពាន់នាក់ឯណោះ។ ពីព្រោះនៅតាមបន្ទាប់ស្នាក់នៅនីមួយៗមានហាលខោអាវយ៉ាងច្រើនស្អេកស្អះពីខាងលើ។
តាមប្រភពច្បាស់ការណ៍មួយបានប្រាប់អង្គភាពយើងឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ថា បន្ទាប់ពីមានការចុះផ្សាយរបស់អង្គភាពសារព័ត៌មានយើង
កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ កន្លងមក ក្រុមចិនដែលបើកល្បែង ហ្គេមអនឡាញ បានផ្អាកដំណើរការមួយថ្ងៃ ហើយនៅថ្ងៃទី៦ ខែកក្កដា ក៍មានសមត្ថកិច្ចមួយក្រុមចុះ
ទៅសួរនាំ។ ក៍ប៉ុន្តែត្រូវបានថៅកែចិនម្ចាស់ «ហ្គេមអនឡាញ» យកសំណែនជ្រូកខ្វៃដែលមានឱជារសឆ្ងាញ់ ម៉ាក់ហ្វ្រែនឃ្លីន ចំនួន៥ទៅ៦ក្បាលសែនថ្វាយដល់អ្នកតាម្ចាស់ស្រុក។ ប្រភពចង់និយាយថា ចិនបានដាក់លុយទៅឱ្យក្រុមសមត្ថកិច្ចប៉ូលិសអស់៥ទៅ៦ដុំធំទើបពួកគេអាចបើក ហ្គេមអនឡាញ ឡើងវិញជាធម្មតា។
ដោយមើលឃើញប្រាក់ចំណូលនៃល្បែង ហ្គេមអនឡាញ ដ៏ច្រើនសន្ធឹកសន្ធាប់ប្រភពបន្តថា ការឱ្យលុយទៅសមត្ថកិច្ចប៉ូលិស៥ទៅ៦ម៉ឺនដុល្លារប៉ុណ្ណឹងគឺជាកម្ទេចលុយ។
ព្រោះពួកចិនរកលុយបានពី ហ្គេមអនឡាញ ក្នុងមួយថ្ងៃៗរាប់សិបម៉ឺនសែនដុល្លារ។ រាល់បុគ្គលិកមកបម្រើការងារនៅទីនេះពួកគេគឺជាជនអន្តោប្រវេសន៍ខុសច្បាប់។
ពួកគេមុននឹងមកធ្វើការនៅក្នុង ហ្គេមអនឡាញ គឺត្រូវមានរថយន្តពណ៌ខ្មៅសេរីទំនើបដើរដឹកជញ្ជូនដោយផ្ទាល់តាមរយៈកងកម្លាំងធ្វើការនៅទីនោះ។
បើចូលទៅដល់កន្លែងធ្វើការពួកគេមិនអាចដើរហើរចេញចូលផ្ដេសផ្ដាស់តាមអំពើចិត្តបានទេ។
ព្រោះមានការយាមកាមយ៉ាងតឹងរ៉ឹងបំផុត ហើយមានអ្វីៗគ្រប់យ៉ាងសម្រាប់បម្រើសេចក្ដីត្រូវការដល់បុគ្គលិក។
ប្រភពបន្តទៀតថា ពួកគេកំពុងតែបំបែកខ្លួនលក់សិទ្ធិ «ហ្គេមអនឡាញ» បន្តនៅតាម ម៉ាតឬកាហ្វេ ហើយក៍មានកន្លែងសេវាខ្ចីប្រាក់ដែលមានការប្រាក់ខ្ពស់ផងដែរ។ ហ្គេមអនឡាញ នេះកំពុងតែបំបែកសាខារបស់ខ្លួនយ៉ាងស្ងាត់ស្ងៀមបំផុតជាច្រើនកន្លែងដូចជានៅ អ៊ីអនពីរ ច្បារអំពៅ ក្រុងតាខ្មៅ។ល។ កន្លងមកបុគ្គលិកខ្មែរដែលបម្រើសេវាកម្មខាង អនាម័យ ជាងភ្លើង និងចុងភៅ គឺថៅកែចិននេះមិនអនុញ្ញាតឱ្យទៅចូលរួមបោះឆ្នោតឃុំសង្កាត់ឡើយ។ ពួកគេមានខ្នងបង្អែកអ្នកធំចាំជួយការពារដែលធ្វើឱ្យ ប៉ូលិស ឬប៉េអឹម ក្នុងមូលដ្ឋានមិនហ៊ានក្អកឡើយ។
អភិបាល ខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត និងលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះ ពុំអាចសុំការបំភ្លឺបានទេជុំវិញករណីខាងលើនេះដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ប៉ុន្តែកាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ លោកអភិបាល ខណ្ឌសែនសុខ ធ្លាប់បានបញ្ជាក់ខ្លីថា «កន្លែងហ្នឹងបើសិនជាស្រាវជ្រាវរកទៅឃើញ ! យើងនឹងធ្វើការបង្ក្រាបហើយ…! »។
ចំណែកលោក សាន សុខសីហា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានប្រាប់អង្គភាពយើងនៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះថា កន្លងមក រាជរដ្ឋាភិបាល ដូចជាពុំទាន់អនុញ្ញាតឱ្យដំណើរការល្បែងនេះលេងឡើងវិញទេបើតាមលោកដឹង។ ប៉ុន្តែរាល់បទល្មើសដែលកើតមានឡើងសមត្ថកិច្ចយើងមិនព្រងើយកន្តើយឡើយ គឺតែងតែធ្វើការបង្ក្រាប។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំមួយស្តីពី «ការពង្រឹង ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ិនធ័រណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលមានលិខិតលេខ០៧ សរណន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩»។
កន្លងមកមានក្រុមឧក្រិដ្ឋជនបានចាប់ជំរិតទារប្រាក់ពីជនរងគ្រោះនៅក្នុងវង់ល្បែងភ្នាល់ទាំងនេះទើប រាជរដ្ឋាភិបាលសម្រេចបិទល្បែងនោះចោលដោយពុំបន្តអាជ្ញាប័ណ្ណឱ្យដំណើរការតទៅទៀតឡើយ។ ប៉ុន្តែសព្វថ្ងៃនេះល្បែង ហ្គេមអនឡាញ កំពុងតែបន្តបើកលេងលួចលាក់ស្ទើរគ្រប់កន្លែង គឺអង្រួនស្រុកខ្មែរ៕
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំមួយស្តីពី «ការពង្រឹង ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ិនធ័រណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលមានលិខិតលេខ០៧ សរណន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩»។ កន្លងមកមានក្រុមឧក្រិដ្ឋជនបានចាប់ជំរិតទារប្រាក់ពីជនរងគ្រោះនៅក្នុងវង់ល្បែងភ្នាល់ទាំងនេះទើប រាជរដ្ឋាភិបាល សម្រេចបិទល្បែងនោះចោលដោយពុំបន្តអាជ្ញាប័ណ្ណឱ្យដំណើរការតទៅទៀតឡើយ។ ប៉ុន្តែសព្វថ្ងៃនេះល្បែង ហ្គេមអនឡាញ កំពុងតែបន្តបើកលេងលួចលាក់ស្ទើរគ្រប់កន្លែង គឺអង្រួនស្រុកខ្មែរ៕