
ស្រុកអង្គស្នួល៖ បើកដំណើរការវិញហើយ ហាងកាហ្វេបង្គប់ល្បែងស៊ីសងខុសច្បាប់ សូមសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបសារជាថ្មីម្ដងទៀតផងទាន!! !
ខេត្តកណ្ដាល៖ ហាងកាហ្វេមួយកន្លែងស្ថិតនៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បានបន្តប្រមែប្រមូលផ្ដុំជនញៀនល្បែង មកពពាក់ពពូនគ្នាលេងល្បែងភ្នាល់យ៉ាងគឃ្លើន សារជាថ្មីម្តងទៀតហើយ បន្ទាប់ពីបិទមួយរយៈធំ ពលរដ្ឋសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាបសារជាថ្មីផង។


តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះ បានបន្តធ្វើព្យុះភ្លៀងសារជាថ្មីម្តងទៀតហើយ ដោយមួយថ្ងៃៗ ឃើញមានជនញៀនល្បែងគ្រប់វ័យមកពពាក់ពពូនគ្នាលេងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានខ្លាចសមត្ថកិច្ចបន្តិចឡើយ។

ពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវត្តមានទីតាំងល្បែងស៊ីសង ដែលជ្រោកក្រោមហាងកាហ្វេ ហេតុថា ល្បែងស៊ីសងខុសច្បាប់ទាំងនេះកំពុងតែបង្កបង្កើននូវកំណើនពពួកបទល្មើស ដូចជា លួច ឆក់ ប្លន់ ហិង្សាកាប់សម្លាប់ និងបទល្មើសផ្សេងៗ ជាច្រើនទៀត។

ចំណែកឯលោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ឯណេះវិញ ហាក់ដូចជា រក្សាភាពស្ងៀមស្ងាត់ខ្លាំងណាស់ ខណៈដែលល្បែងស៊ីសងខុសច្បាប់ប្រមូលផ្តុំគ្នាលេងយ៉ាងទ្រហឹងអើងកង ស្រែកហ៊ោកញ្ជ្រៀវ ផ្អើលពេញភូមិបែរជាលោកមិនដឹងមិនឮទៅវិញ។
ប្រជាពលរដ្ឋជាច្រើនសុំអំពាវនាវស្នើសុំដ៏លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមលោកជួយចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះសារជាថ្មីម្តងទៀតផងទាន៕

