ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់នៅស្រុកអង្គស្នួលពាក់ព័ន្ធករណីលួចលាក់លេងល្បែងស៊ីសង!! !

ខេត្តកណ្តាល៖ បន្ទាប់ពីទទួលបានការស្នើសុំពីពលរដ្ឋតាមបណ្តាញសារព័ត៌មាន ពាក់ព័ន្ធករណីលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ «ជល់មាន់ តាមកញ្ចក់ទូរទស្សន៍» ចំណុចភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ភ្លាមៗនោះ​ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការនគរបាលស្រុកអង្គស្នួល​ ស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួន បានជនសង្ស័យចំនួន០៤នាក់ ។ នេះបើយោងតាមរបាយការណ៍ដែលសារព័ត៌មានយើងទើបទទួលបាន។

ជនសង្ស័យមានចំនួន០៤នាក់រួមមាន៖
ទី១-ឈ្មោះ បាត់ សុខន ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកលក់​មាន់ជល់តាមទូរទស្សន៍អនឡាញ នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ទី២-ឈ្មោះ ភន រ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកចាក់)។
ទី៣-ឈ្មោះ ជាម ខាន់ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកចាក់)។
ទី៤-ឈ្មោះ ហាន ឌីម៉ង់ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន៖
ទី១-ទូរទស្សន៍ សម្រាប់ចាក់បញ្ចាំងមាន់ជល់តាមប្រព័ន្ធអនឡាញ ០១គ្រឿង។
ទី២-គ្រឿងម៉ាស៊ីនកុំព្យូទ័រ សម្រាប់បញ្ជាការឡាយមាន់ជល់ ០១ឈុត។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា៖ «ទីតាំងផ្ទះល្បែងស៊ីសងរបស់ឈ្មោះ ឃុំ ម៉ិច សមត្ថកិច្ចជំនាញស្រុក និងប៉ុស្ដិ៍ពើក ធ្លាប់បានចុះបង្ក្រាបកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកណ្ដាលរួចរាល់ម្ដងមកហើយ»។

តាមចម្លើយសារភាពរបស់ឈ្មោះ បាត់ សុខន បានសារភាពថាខ្លួនចូលធ្វើជាបុគ្គលិកឡាយមាន់ជល់តាមកញ្ចក់ទូរទស្សន៍អនឡាញនេះបានរយៈពេល០៦ថ្ងៃមកហើយ នៅទីតាំងខាងលើនេះ។ ចំណែកបក្ខពួកដែលសមត្ថកិច្ចបានឃាត់ខ្លួនមកជាមួយគ្នានេះជាអ្នកចាក់ការឡាយជល់មាន់។

ករណីបង្ក្រាបខាងលើនេះ​ដែរ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តកណ្តាល​ អនុញ្ញាតឱ្យសមត្ថកិច្ចធ្វេីកិច្ចសន្យាអប់រំជនសង្ស័យ​ នៅត្រឹមអធិការដ្ឋាននគរបាលស្រុក។

អាស្រ័យហេតុនេះ​ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម​ មេត្តាជ្រាប​ជាព័ត៌មាន៕

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង