
ទីតាំងល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញ នៅស្រុកកណ្តាលស្ទឹង នៅតែប្រមូលផ្តុំគ្នាលេងបានដោយរលូន សង្ស័យជាឆ្នាំងបាយរបស់សមត្ថកិច្ចមូលដ្ឋាន !!

ខេត្តកណ្តាល៖ ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងស្ថិតនៅ ភូមិឆ្មាពួន (ចំណុចក្នុងផ្ទះកូនមេភូមិ) ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅតែបន្តបើកដំណើរការយ៉ាងរលូន ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចមូលដ្ឋាន សង្ស័យតែជាឆ្នាំងបាយ។

ប្រភពច្បាស់ការមួយបានបង្ហើបថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ជារបស់កូនលោកមេភូមិឆ្មារពូន ដែលជាម្ចាស់ផ្ទះ និងជាមេបនល្បែង បានប្រមូលផ្ដុំជនញៀនល្បែងឲ្យមកលេងល្បែងភ្នាល់ដាក់លុយ ដោយគ្មានខ្លាចក្រែងសមត្ថកិច្ចណាម្នាក់ឡើយ។

ប្រភពបន្ថែមទៀតថា៖ ម្ចាស់បនល្បែងដែលជាកូនមេភូមិឆ្មាពូនរូបនេះ ប្រហែលជាមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានហើយ ទើបបានជាមិនមានការបង្ក្រាបពីសមត្ថកិច្ច មានតែបើកដំណើរការលេងបានដោយរលូន។

រីឯលោក ឡេង សារុន អធិការស្រុកកណ្តាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហាក់ដូចជាគ្មានចំណាត់ការបង្ក្រាបទប់ស្កាត់បទល្មើសនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយបណ្តោយឲ្យបទល្មើសប្រមូលផ្ដុំគ្នាបានដោយគឃ្លើន។


ពលរដ្ឋស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមលោកស្នងការជួយដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផ្ទាល់ផង ព្រោះលោកអធិការស្រុកកណ្តាលស្ទឹងមិនបង្ក្រាបទេ៕