
ខណ្ឌចំការមន៖ តារាងបាល់ទះ មួយកន្លែងលួចបង្គប់លួចលាក់បង្កើតបទល្មើស យ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ច មើលរំលង !! !

ភ្នំពេញ៖ ស្ថិតនៅចំណុចតារាងបាល់ទះ ផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែលួចលាក់បង្កបង្កើតបទល្មើស ល្បែងស៊ីសងខុសច្បាប់ មាន់ជល់ហាយឡាយ យ៉ាងគគ្រឹកគគ្រេង តាមប្រព័ន្ធអនឡាញទូរទស្សន៍ បើកប្រមូលផ្ដុំគ្នាលេងដោយគ្មានខ្លាចសមត្ថកិច្ចបន្តិចសោះឡើយ។

ចំណែកឯសមត្ថកិច្ចជំនាញ ពាក់ព័ន្ធក្នុងមូលដ្ឋាន កំពុងតែមើលរំលងខ្លាំងមែនទែន ចំពោះទីតាំងបនល្បែងខុសច្បាប់ ខាងលើមួយកន្លែងនេះ មិនដឹងថាម្ចាស់បនល្បែងមួយនេះ បានប្រើមន្តអាគមន៍ អ្វី ទើបបានជាបិតបាំង ភ្នែកសមត្ថកិច្ចមូលដ្ឋានមិនហ៊ានសូម្បីយកភ្នែកមើល។

ប្រជាពលរដ្ឋជាច្រើនលើកឡើងថា គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលរាជរដ្ឋាភិបាលដាក់បញ្ជាឱ្យចូលរួមអនុវត្ត បែរជាសមត្ថកិច្ចពាក់ព័ន្ធទាំងនោះមិនអនុវត្ត បែរបណ្តែតបណ្ដោយឲ្យបទល្មើសកើតឡើងទៅវិញ។

ប្រជាពលរដ្ឋឆ្ងល់ទៀតថា លោកយិន សាន អធិការនគរបាលខណ្ឌចំការមន ហាក់ដូចជាសម្ងំស្ងៀមដោយមិនមានវិធានការទប់ស្កាត់ តើបទល្មើសទាំងអស់នោះ មានខ្នងបង្អែកអ្វី នៅពីក្រោយ ទើបបានជាមិនហ៊ានបង្ក្រាប។

ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី ហើយ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សុំឯកឧត្តមចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នៅក្នុងតារាងបាល់ទះខាងលើនេះផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព គ្មានចោរប្លន់ ចោរលួច៕