ទីតាំងល្បែងមាន់អនឡាញខុសច្បាប់ជាច្រើនកន្លែង កំពុងតែបើកលេងយ៉ាងសកម្មកណ្តាលក្រុងបាត់ដំបង តែលោកអធិការក្រុងបាត់ដំបង បានត្រឹមបើកភ្នែកមើល មិនបង្រ្កាប..!
(បាត់ដំបង) ៖ ល្បែងមាន់អនឡាញក្នុងក្រុងបាត់ដំបងកំពុងតែរីកដុះដូចផ្សិតទៅហើយ តែសមត្ថកិច្ចហាក់បីដូចមិនឈឺក្បាល មិនអើពើបង្រ្កាបទាល់តែសោះ ។
ទីតាំងល្បែងមាន់អនឡាញមួយកន្លែង ស្ថិតនៅភូមិអណ្តូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តោយផ្លូវជាតិលេខ៥ និងមួយទីតាំងទៀត ស្ថិតនៅភូមិអូចារ សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ២ទីតាំងនេះគឺ កំពុងដំណើរការបើកឲ្យក្រុមអ្នកញៀនល្បែងលេងយ៉ាងគគ្រឹតគគ្រេង តែមិនរំខានដល់សមត្ថកិច្ច ជាពិសេសលោកវរៈសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង មិនធ្វើការចុះបង្រ្កាបទាល់តែសោះ ។
យោងតាមប្រភពប្រជាពលរដ្ឋនៅក្រុងបាត់ដំបង បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ល្បែងមាន់អនឡាញខុសច្បាប់នេះ កំពុងតែរីកដូចផ្សិតហើយ ជាក់ស្តែងក្រុមការងារយើងបានចុះទៅដល់ផ្ទាល់ក៏បានឃើញមានទីតាំង២កន្លែងដូចប្រភពប្រជាពលរដ្ឋបានប្រាប់មក តែសមត្ថកិច្ចមិនទាន់មានចំណាត់ការណាមួយធ្វើការបង្រ្កាបសោះឡើយ ។
បងប្អូនប្រជាពលរដ្ឋ សង្ឃឹមថាក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន្ត នឹងមានវិធានការក្តៅ បញ្ជាទៅថ្នាក់មូលដ្ឋាន ដើម្បីធ្វើការបង្រ្កាបទីតាំងល្បែងមាន់អនឡាញខុសច្បាប់ក្នុងក្រុងបាត់ដំបង ស្របតាមអនុសាសន៍របស់សម្តេចតេជោ ភូមិ-ឃុំមានសុវត្ថិភាព ៕