ខេត្តពោធិ៍សាត់៖ អ្នកសារព័ត៌មាន លោក សុិន ខ្វាន់ឆា ត្រូវបានជនមិនស្គាល់មុខ លួចបាញ់កញ្ចក់រថយន្ត ដោយកាំភ្លើងខ្យល់ បណ្តាលឱ្យធ្លុះធ្លាយកញ្ចក់ទ្វាររថយន្តម្ខាង ខូចខាតយ៉ាងធ្ងន់ធ្ងរ។
ករណីនេះបង្កហេតុនៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ចន្លោះពីម៉ោង ២៤:០០ ឆ្លងចូលម៉ោង១ រំលងអធ្រាត្រ ថ្ងៃទី០៩សីហា ស្ថិតនៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ករណីដល់គួរឱ្យខ្លាចខាងលើនេះ លោក សុិន ខ្វាន់ឆា អ្នកសារព័ត៌មាន រូបនោះ បានប្រាប់សារព័ត៌មានយើងថា បន្ទាប់ពី ខ្លួនធ្វើការផ្សព្វផ្សាយអំពីករណីបទល្មើស ល្បែងស៊ីសងខុសច្បាប់ កំពុងរីកដូចផ្សិត ក្នុងស្រុកភ្នំក្រវាញ និងស្នើសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះទប់ស្កាត់បង្ក្រាបរួចមក ស្រាប់តែយប់ឡើងថ្ងៃបង្កហេតុមានការលួចបាញ់ប្រហារ ដោយជនមិនស្គាល់មុខមកលើរថយន្តរបស់ខ្លួន បណ្តាលឱ្យធ្លុះធ្លាយបែកកញ្ចក់ខ្ចិច តែសំណាងល្អមិនបណ្តាលឱ្យរបួសឬស្លាប់នោះទេ។
អ្នកសារព័ត៌មាន រូបនោះ បញ្ជាក់ទៀតថា បន្ទាប់ពីបង្កហេតុឲ្យមានការភ្ញាក់ផ្អើលខ្លួនបានខលទៅលោកមេប៉ុស្តិ៍នគរបាលឃុំលាច ហើយនិងលោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ ដើម្បីសុំកិច្ចអន្តរាគមន៍ តែជា អកុសល លោកសមត្ថកិច្ចទាំងពីរនាក់រូបនោះ មិនព្រមលើកទូរស័ព្ទជាដាច់ខាត នេះហាក់ដូចជាមានការលាក់បាំងខ្លាំងមែនទែន។
អ្នកសារព័ត៌មាន លោកសុិន ខ្វាន់ឆា រូបនោះ ក៏បានចាត់ទុកករណីនេះជាការធ្វើឡើងដើម្បីបំបាក់ស្មារតីអ្នកសារព័ត៌មាន ពីសំណាក់ជនល្មើស ដែលកាងកន្លែងបទល្មើសល្បែងស៊ីសង ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ហើយមហាជន ក៏ដូចជាអ្នកសារព័ត៌មានជាតិ ជាច្រើនបានចាត់ទុកករណីនេះជា ករណី ប៉ុនប៉ងសម្លាប់បំបិទមាត់។
ពាក់ព័ន្ធទៅនឹង ករណីលួចបាញ់ប្រហារមកលើអ្នកសារព័ត៌មានខាងលើនេះ លោកសុិន ខ្វាន់ឆា ដែលជាជនរងគ្រោះ បានលើកឡើងបន្ថែមដោយសង្ស័យថា ប្រហែលជាមានការពាក់ព័ន្ធជាមួយ ការចុះផ្សាយអំពីករណីល្បែងស៊ីសងខុសច្បាប់ ហើយសមត្ថកិច្ចនគរបាលក្នុងមូលដ្ឋាន ក៏ទំនងជាមានការពាក់ព័ន្ធជាមួយបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើ ព្រោះហេតុថាល្បែងស៊ីសងខុសច្បាប់កំពុងតែរីកដូចផ្សិត បែរជាមិនមានការបង្ក្រាប ទោះបីជាមានការស្នើសុំពីពលរដ្ឋ។
លោកស៊ិន ខ្វាន់ឆា លើកឡើងចំៗ បន្តទៀតថា៖ ដោយសារតែការបណ្តែតបណ្ដោយ របស់សមត្ថកិច្ចនគរបាលក្នុងមូលដ្ឋាន ទើបសារព័ត៌មានធ្វើការចុះផ្សាយ ស្នើសុំឱ្យសមត្ថកិច្ចចុះបង្ក្រាប តែមិនមានការបង្ក្រាបនោះទេ បែរជាមានការបាញ់ប្រហារកើតឡើងមកលើអ្នកសារព័ត៌មានទៅវិញ មិនតែប៉ុណ្ណោះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នោះមិនព្រមលើកទូរស័ព្ទពីអ្នកសារព័ត៌មានដែលខលទៅសុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះ។
ជនរងគ្រោះដែលអ្នកសារព័ត៌មានលោកសុិន ខ្វាន់ឆា រូបនោះ បានទទូចស្នើសុំដល់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ហើយនិងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សុំជួយអន្តរាគមន៍ករណីនេះផង ព្រោះលោក តាន់ គារិទ្ធិ អធិការស្រុកហើយនិងលោកមេប៉ុស្តិ៍ហាក់ដូចជាសម្ងំស្ងៀម សូម្បីតែទូរស័ព្ទខលក៏មិនលើក៕