
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង ៣,០០០នាក់

នៅព្រឹក ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។

និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៦៦នាក់។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុបនាថ្ងៃនេះ និងបានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់។ សម្តេចតេជោ បានកោតសរសើរក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសជម្នះការលំបាកក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩។ សម្តេចតេជោបានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ ដ្បិតនាំមកនូវវិបត្តិសម្រាប់ការសិក្សា តែ ក៏បានធ្វើឱ្យមានកាលានុវត្តន៍ភាពលើប្រព័ន្ធឌីជីថលផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរដល់គ្រឹះស្ថានសិក្សាទាំងអស់ ដែលបានប្រឹងប្រែងជម្នះការលំបាកពេលមានវិបត្តិជំងឺកូវីដ-១៩ ដោយមិនទុកឱ្យសាលាត្រូវដួល ឬសិស្សបាត់បង់ការអប់រំនោះឡើយ។ សម្តេចតេជោបានថ្លែងថា ការចូលរួមអនុវត្តន៍វិធានការ «៣កុំ និង៣ការពារ» និងការចូលរួមទទួលយកវ៉ាក់សាំង សុទ្ធសឹងជាការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩។

ការយកឈ្នះលើជំងឺកូវីដ-១៩ បានធ្វើឱ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំកម្រិតតំបន់ និងអន្តរជាតិឡើងវិញ កាលពីខែដើមខែសីហា កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់និស្សិតទាំងអស់ ដែលបានប្រឹងប្រែងសិក្សារៀនសូត្រក្នុងដំណាក់កាលដ៏លំបាក នៃការរាតត្បាតជំងឺកូវីដ-១៩។

សម្តេចតេជោបានមានប្រសាសន៍រំលឹកថា ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ១៩៧៩ ការបណ្តុះបណ្តាលនៅកម្ពុជាជួបការលំបាកខ្លាំងណាស់ ក្នុងនោះគ្រូបង្រៀនត្រូវបានជ្រើសរើសអ្នកដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការបង្រៀនដោយអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ រហូតដល់យើងមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដល់ពេលបច្ចុប្បន្ននេះ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានមានប្រសាសន៍ថា ការបើកបង្រៀនភាសាវៀតណាម នៅសាលាភូមិន្ទភ្នំពេញ គឺផ្តល់ផលចំណេញសម្រាប់កម្ពុជា។ ការបើកបង្រៀនភាសាវៀតណាមនេះ មិនមែនយកនិស្សិតវៀតណាម មកបង្រៀននៅកម្ពុជានោះទេ គឺដើម្បីជួយសម្រួលសម្រាប់និស្សិតទៅសិក្សានៅវៀតណាម សម្រួលការធ្វើធុរកិច្ច និងបំពេញការងារផ្សេងៗ។
ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅវៀតណាមនាពេលថ្មីៗនេះ សម្តេចតេជោបានថ្លែងថា ដំណើរទស្សនកិច្ចរបស់ ហ៊ុន ម៉ាណែត នៅវៀតណាម គឺមានការរៀបចំកម្មវិធីជំនួបតិចជាងដំណើរទស្សនកិច្ចនៅជប៉ុន និងសិង្ហបុរីនោះទេ ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការសោកស្តាយ ដែលក្រុមអ្នកវិភាគមួយចំនួនមិនលើកពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅជប៉ុន។
ជាថ្មីម្ដងទៀត សម្ដេចតេជោនៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ជាបន្តទៀត និងបានជូនពរនិស្សិត ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕