
ក្រុមហ៊ុនបូមខ្សាច់មួយកន្លែង អួតអាងតែមានច្បាប់ កំពុងតែមមាញឹកជាខ្លាំង ក្នុងការបូមខ្សាច់ចេញពីបាតស្ទឹង ដោយមិនខ្វល់ពីផលប៉ះពាល់

កំពង់ឆ្នាំង៖ ក្រុមហ៊ុនបូមខ្សាច់មួយកន្លែងស្ថិតនៅភូមិដូនម៉ៅ ឃុំចោងមោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពង់តែមមាញឹកយ៉ាងខ្លាំងក្នុងការឃួងបូម ខ្សាច់ចេញពីបាតស្ទឹង ដោយគ្មានខ្វល់ពីផលប៉ះពាល់ដល់បរិស្ថាន ដូចជាការបាក់ស្រុត ដីប្រជាពលរដ្ឋបន្តិចសោះឡើយ។

តាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា ការដ្ឋានបូមខ្សាច់មួយកន្លែងខាងលើកំពុងតែមមាញឹកយ៉ាងខ្លាំងចំពោះសកម្មភាពបូមឃួង យករ៉ែខ្សាច់ចេញពីបាត់ស្ទឹង ដោយគ្មាន អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ចេញមុខចុះមកពិនិត្យបន្តិចសោះឡើយ។

ប្រភពព័ត៌មានដដែលបានបន្ថែមទៀតថា មិនត្រឹមតែបូមខ្សាច់ដោយគ្មានខ្វល់ពីបញ្ហាបាក់ស្រុតនោះទេ ដេប៉ូមួយនេះប្រើប្រាស់រថយន្តខ្នាតយក្សធំៗ បើកបរគ្មានគោរពតាមគោលការណ៍ច្បាប់ ធ្វើឱ្យខ្សាច់ធ្លាក់រាយប៉ាយពាសពេញផ្លូវ បង្កឱ្យខូចខាតបាត់ស្រុតផ្លូវ បង្កការភ័យខ្លាចចំពោះការធ្វើដំណើររបស់ពលរដ្ឋ។

បើយោងតាមការបំភ្លឺតាមរយៈទូរស័ព្ទពីលោកស្រីម្នាក់ ដែលជាមេការរបស់ដេប៉ូលបូមខ្សាច់ បានអះអាងថា ដេប៉ូបូមខ្សាច់របស់ខ្លួនមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងអះអាងថា ម្ចាស់ដេប៉ូរបស់ខ្លួនជាអ្នកធ្វើផ្លូវ ទោះបីជាមានការខូចខាតផ្លូវក៏ម្ចាស់ដេប៉ូគាត់ជាអ្នកធ្វើ ដែរ។ លោកស្រីដែលជាមេការរូបនោះបានបញ្ជាក់ ដោយរិះគន់ទៅអាជ្ញាធរ ដែនដី ថា អាជ្ញាធរភូមិឃុំមិនមានការអភិវឌ្ឍផ្លូវទាំងនោះទេ គឺមានតែម្ចាស់ដេប៉ូរបស់គាត់ទេជាអ្នកធ្វើផ្លូវទាំងអស់ ដូច្នេះហើយខូចក៏ខូចទៅ ចាំធ្វើឡើងវិញ។

មេការដដែលរូបនោះ បានបញ្ជាក់ទៀតថា ដោយសំអាងអំណាចថាបើសិនជាសារព័ត៌មានហ៊ានផ្សាយពីការបូមខ្សាច់របស់គាត់ក៏ផ្សាយចុះ ព្រោះថៅកែគាត់មិនខ្លាចនោះទេ ព្រោះគាត់អាងមានច្បាប់ អនុញ្ញាត និងអាងថាជាអ្នកធ្វើផ្លូវ មិនតែប៉ុណ្ណោះ មេការរូបនោះ និយាយថា ចង់ទៅដល់ក្រសួងព័ត៌មានក៏បានដែរ។ នេះហើយជាចរឹកអ្នកមានអំណាចលុយ រកស៊ីទទួលប្រយោជន៍តែឯង មិនខ្វល់ពីបញ្ហាសុខភាពសុវត្ថិភាពសាធារណៈ បាក់ស្រុតនោះទេ ពោលគឺធ្វើអ្វីៗស្រាចតែអំពើចិត្ត។

ជុំវិញទៅនឹងច្បាប់អនុញ្ញាត អាជីវកម្ម មេការដេប៉ូបូមខ្សាច់នោះ មិនហ៊ានបង្ហាញឲ្យសារព័តមានយើងឃើញនោះទេ ព្រោះឲ្យទៅសួរថៅកែគាត់ទៅ បើចង់ដឹង។

បើយោងតាមប្រភពខ្លះៗ បានខ្សឹបខ្សៀវថា ដេប៉ូបូមខ្សាច់មួយកន្លែងនេះ ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ពោលគឺ លួចលាក់បូមជាពិសេសពេលយប់។

ករណីនេះប្រជាពលរដ្ឋជាច្រើនក៏បានលើកឡើងដែរថាលោក សូត្រ សង់ អភិបាលស្រុកទឹកផុស ហាក់ដូចជាប្រងើយកន្តើយខ្លាំងណាស់ចំពោះបញ្ហានេះ ។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ហើយនិងលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ឆ្នាំង សូមជួយដឹកនាំកម្លាំងជំនាញចុះពិនិត្យមើលការដ្ឋានបូមខ្សាច់ទាំងនោះផងទាន៕