ស្រុកព្រៃនប់ មានទីតាំងល្បែងមាន់ជល់តាមអនឡាញ រីកដូចផ្សិត បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនបង្ក្រាប
ព្រះសីហនុ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ហាយឡាយ និងល្បែងស៊ីសងផ្សេងទៀត តាមអនឡាញ កំពុងតែរីកដូចផ្សិត នៅឃុំសំរុងក្រោម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្ថិតនៅត្រង់ចំណុចមុខផ្ទះមេភូមិ ដោយបង្កការភ័យខ្លាចចំពោះសុខទុក្ខប្រជាពលរដ្ឋ បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនបង្ក្រាប។
តាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា ល្បែងស៊ីសងជល់មាន់តាមអនឡាញទូរទស្សន៍ តាមបណ្តាលហាងកាហ្វេ នៅក្នុងមូលដ្ឋានខាងលើកំពុងតែរីកដូចផ្សិតគ្មានសមត្ថកិច្ចណាម្នាក់ចេញមុខមកបង្ក្រាបឡើយ សង្ស័យតែជាឆ្នាំងបាយប្រចាំខែហើយមើលទៅ។
ប្រភពព័ត៌មានក៏បានលើកឡើងពីកង្វល់ភ័យព្រួយយ៉ាងខ្លាំង ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ខណៈល្បែងស៊ីសងភ្នាល់លុយខុសច្បាប់ កំពុងតែរីករាលដាលពេញស្រុកភូមិ ដែលជាហេតុនាំឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ អំពើពុករលួយ អំពើលួចឆក់ប្លន់សម្លាប់ និងភាពអសន្តិសុខក្នុងសង្គមផ្សេងៗ ដោយសារតែល្បែងស៊ីសងភ្នាល់លុយនេះ។
ប្រភពដដែលក៏បានបន្តទៀតថា សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ហាក់ដូចជាគ្មានចំណាត់ការទប់ស្កាត់និងបង្ក្រាបសោះឡើយ មិនដឹងថាពួកអស់លោកទាំងនោះ ឡើងកាន់តំណែងជាមន្ត្រីអាជ្ញាធរដើម្បីអ្វីឲ្យប្រាកដនោះទេ ឬមួយក៏ដើម្បីតែច្បាមប្រយោជន៍ ជាមន្ត្រីឪកាសនិយមបម្រើតែបក្សពួកបុគ្គល មិនគិតពីសុខទុក្ខពលរដ្ឋ។
ដឹងហើយថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីថ្នាក់ក្រោម ឲ្យបង្ក្រាបលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទតាមមូលដ្ឋាន តែផ្ទុយទៅវិញមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខាងលើហាក់ដូចជាមិនគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំបន្តិចសោះឡើយ។
ប្រជាពលរដ្ឋសុំឲ្យលោក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ សូមជួយចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងស្រុកព្រៃនប់ផង ជាពិសេសចំណុចទីតាំងខាងលើ ដើម្បីចូលរួមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។
ពលរដ្ឋស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមលោកស្នងការជួយបញ្ជាដល់មន្ត្រីក្រោមឱវាទចុះពិនិត្យបង្រ្កាបបទល្មើសខុសច្បាប់ដែលមាននៅតាមមូលដ្ឋានផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព៕