
ពិតជាខ្លាំងមែន៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ដុះស្លែដ៏ធំមួយកន្លែងនេះនៅតែបន្តធ្វើព្យុះធ្វើភ្លៀងបានយ៉ាងអណាធិបតេយ្យ សង្ស័យតែជាឆ្នាំងបាយរបស់សមត្ថកិច្ចមូលដ្ឋាន (វគ្គ៤)

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ជល់មាន់តាមទូរទស្សន៍អនឡាញដុះស្លែដ៏ធំមួយកន្លែងក្នុងរោងកាហ្វេ ត្រង់ចំណុចភូមិ១ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងតែបន្តធ្វើព្យុះធ្វើភ្លៀង យ៉ាងអណាធិបតេយ្យ ដោយគ្មានការបង្រ្កាបពីសមត្ថកិច្ចមូលដ្ឋាន។

ករណីនេះដែរប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ទីតាំងល្បែងស៊ីសងដាក់លុយខាងលើនេះប្រហែលជាឆ្នាំងបាយរបស់លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ហើយនិងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ទើបអស់លោកទាំងពីរនាក់នេះមិនព្រមបង្រ្កាបព្រោះខ្លាចខាតបង់ប្រយោជន៍។

ប្រជាពលរដ្ឋក៏បានសម្តែងនូវការព្រួយបារម្ភចំពោះសកម្មភាពនិងទង្វើអសមត្ថភាពរបស់មន្ត្រីមូលដ្ឋាន ដែលមិនហ៊ានបង្ក្រាបបទល្មើសដែលកំពុងតែធ្វើព្យុះភ្លៀងពេញមូលដ្ឋាន ពោលគឺ ទីតាំងល្បែងស៊ីសងខុសច្បាប់នេះគឺជាដើមចមនៃការបង្កើតចោរលួច ចោរឆក់ ចោរប្លន់។

ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី ហើយនិងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាជួយចាត់មន្ត្រីជំនាញក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕

