នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ អតីតយុទ្ធមិត្តបញ្ជាការដ្ឋានអង្គរក្ស ដោយនិមន្តព្រះសង្ឃ១២០អង្គ
ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ជាពុទ្ធសាសនិកជន ចូលរួមពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជាប្រពៃណីជាតិ នៃវេនទី៧ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បញ្ជាការដ្ឋានអង្គរក្ស បានប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធរបស់អតីតយុទ្ធជន និងយុទ្ធនារីនៃ បញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួលមរណៈភាព ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន នាពេលកន្លងមកនេះ។
ពិធីនេះបានប្រារព្ធធ្វើឡើង ដោយមានវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី រួមជាមួយនិងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀត។
សូមបញ្ជាក់ថា បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់ខ.ភ.ម ដែលកន្លងមកបានចូល រួមបំពេញតួនាទី ភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ការកសាង និងអភិវឌ្ឍន៍ជាតិ ក្នុងនោះគឺការ ការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិដែលមកបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេស ការពារ សន្តិសុខ សុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងការចូលរួមការងារសង្គមកិច្ចជាច្រើនទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានអង្គរក្សតែងតែបានរៀបចំនូវពិធីនេះឡើង នៅក្នុងឱកាសបុណ្យប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផល បុណ្យជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧប្បជាយាចារ្យ និងញាត្តិការ ទាំង ៧សណ្តាន ជាពិសេសជូននាយទាហាន និងពលទាហាន ដែលបានបូជាសាច់ ស្រស់ឈាមស្រស់ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ បានមកទទួលនូវ មនុញផល និងបានសោយសុខ ក្នុងឋានសុគតិភព និងបានបញ្ជាក់ដល់នាយ-ពលទាហាន បន្តអនុវត្តន៍អភិក្រមទាំង៣ របស់ បញ្ជាកាដ្ឋានអង្គរក្សគឺ៖
⁃ ស្មោះត្រង់
⁃ ការពារ
⁃ បម្រើ
នៅក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំង នាយទាហាន និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស បាននិមន្តព្រះសង្ឃចំនួន១២០អង្គ ដែលនិមន្តមកពីវត្ត ចំនួន១២វត្ត នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដើម្បីសូត្រមន្តរាប់បាត វេរប្រគេន ទេយ្យទានជាគ្រឿងឧបភោគបរិភោគជាច្រើន ប្រគេនព្រះសង្ឃ ស្របតាម គន្លងប្រពៃណីសាសនា នៅក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៧នេះ។
សូមដួងវិញ្ញាណក្ខន្ធ បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧប្បជាយាចារ្យ និងញាត្តិការ ទាំង ៧សណ្តាន ជាពិសេសជូននាយទាហាន និងពលទាហាននៃបញ្ជាការដ្ឋានអង្គរក្សទាំងអស់ ក្រោយទទួលនូវមនុញ្ញផលរួចហើយ បែក្រោយឱ្យពរជ័យ ជូនដល់ សម្តេចតេជោ ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និង ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ ប៉ែន ចន្នី បុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រលាញ់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ជន្មាយុ យឺនយូរនីជាម្លប់ដ៍ត្រជាក់សម្រាប់ នាយ-ពលទាហានក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងមូល ឱ្យសមប្រកបជួបនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕