អធិការរងស្រុកអង្គរបូរី ដៀលអ្នកសារព័ត៌មាន ថា ឡប់ៗភ្លើៗ ព្រោះផ្សាយទំលាយ រឿង ចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន៥នាក់ ហើយដោះលែងវិញ ជាថ្នូរទឹកប្រាក់ជាង ៧លានរៀល
ខេត្តតាកែវ៖ កាលពីវេលាម៉ោង១៦:១២នាទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលស្រុកអង្គរបូរី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឆ្មក់បង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ស្ថិតនៅភូមិកំពង់ពោធិ៍ និងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គបុរី ខេត្តតាកែវ និងដកហូតបានវត្ថុតាង និងសម្ភារៈ មួយចំនួន មានម៉ូតូ និង ទូរស័ព្ទជាដើម -ល-។
ប្រភពព័ត៌មានបានឱ្យដឹងថា៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានដោះលែងវិញ បន្ទាប់ពីចរចាលុយត្រូវជាមួយលោក ឡេង ផារិន អធិការរងទទួលផែនការងារគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
ប្រភពបានបញ្ជាក់ថា៖ អធិការរង នៃអធិដ្ឋាននគរបាលស្រុកអង្គរបូរី ទទួលផែនការគ្រឿងញៀន លោក ឡេង ផារិន បានទាមទារលុយពីគ្រួសារជនសង្ស័យ ក្នុងមួយនាក់ចំនួន៤,០០០,០០០៛ (បួនលានរៀល) ជាថ្នូរក្នុងការដោះលែង បើមិនចឹងទេបញ្ជូនទៅកាន់មណ្ឌលកែប្រែខេត្ត។
ដោយក្រុមគ្រួសារជនសង្ស័យជាម្តាយគ្មានសមត្ថភាព គឺតថ្លៃសូមចុះត្រឹម ១លានរៀល តែខាងលោក ឡេង ផារិន អធិការរងស្រុក មិនព្រមតែទាមទារចំនួន២លាន ហើយម្ដាយខាងជនសង្ស័យមិនទាន់ព្រមគាត់ក៏សុំអោយត្រឹម១លាន៥០សិបមុឺន ពេលនោះខាងលោក ឡេង ផារិន ក៏យល់ព្រម។
រួចហើយក្រុមគ្រួសារជនសង្ស័យទាំងចំនួន៥នាក់ ក៏បានរៃអង្គាសលុយគ្នាបានលុយសរុបចំនួន៧,៥០០,០០០៛ (ប្រាំពីរលានហាសិបមុឺនរៀល) គ្រប់ចំនួនដោយមានអ្នកខ្លះដើរចងការលុយគេ ព្រោះតែស្រលាញ់កូន។
ករណីដ៏គួរឲ្យស្អប់ខាងលើនេះ ក្រុមការងារសារព័ត៌មានយើងបានសុំការបំភ្លឺពីលោក ឡេង ផារិន អធិការរងទទួលផែនការងារគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី តែលោកបានឆ្លើយបដិសេធ ទាំង រដិបរដុបថាមិនមែនជាការពិតទេ ថែមទាំងដៀលអ្នកសារព័ត៌មានថា ធ្វើព័ត៌មាន ឡប់ៗ ភ្លើៗ ឡេឡឺៗ ដើរតែផ្សាយគេពេញស្រុក។
លោក ឡេង ផារិន អធិការរងទទួលផែនការងារគ្រឿងញៀន រូបនេះ បានប្រាប់ សារព័ត៌មានយើងទៀតថា បើចង់ដឹង ច្បាស់ឲ្យទៅជួប លោក យ៉ុន ប៊ុនយ៉ុង អធិការនគរបាលស្រុកអង្គរបូរី ផ្ទាល់ទៅ ព្រោះលោកទើបបានដឹងច្បាស់។
ចំពោះការឆ្លើយបដិសេធ របស់លោក ឡេង ផារិន អធិការរង និងថែមទាំង រុញឱ្យទៅជួបទៅជាមួយលោក យ៉ុន ប៊ុនយ៉ុង អធិការនគរបាលស្រុក ហាក់ដូចជាកំពុងមានការពាក់ព័ន្ធខ្លាំងណាស់ ជាមួយនឹងលោក យ៉ុន ប៊ុនយ៉ុង អធិការនគរបាលស្រុក ពោលគឺ បើមិនមានការឃុបឃិតគ្នាជាមួយមេ កូនក៏មិនហ៊ានធ្វើអ្វីស្រេចតែអំពើចិត្តដែរ។
ចំណែកឯលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ហាក់ដូចជាមិនមានចំណាត់ការទប់ស្កាត់ទាល់តែសោះចំពោះសកម្មភាពនិងទង្វើកូនចៅរបស់ខ្លួន ដែលកំពុងតែអនុវត្តច្បាប់ដោយយកច្បាប់មកទ្រាប់ក្តិចអង្គុយ។
មហាជនសូមអំពាវនាវដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសម្តេចមេត្តាជួយចាត់វិធានការស៊ើបអង្កេត ករណីខាងលើនេះផងទាន ជៀសវាងមានមន្ត្រីខិលខូច ឆ្លៀតឱកាសយកអំណាចធ្វើអាជីវកម្ម៕