
បែកធ្លាយធំទៀតហើយ៖ កម្លាំងនគរបាលនៃអធិការស្រុកល្វាឯម ចាប់ឃាត់ខ្លួនជនសង្ស័យ នឹងគ្រឿងញៀន រួចដោះលែងវិញជាថ្នូរទឹកប្រាក់ជាងមួយពាន់ដុល្លារ ក្នុងការដោះលែងជនសង្ស័យម្នាក់

ខេត្តកណ្តាល៖ បែកធ្លាយធំទៀតហើយ កម្លាំងសមត្ថកិច្ចនគរបាលស្រុកល្វាឯម នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនបានជនសង្ស័យបានចំនួនពីរនាក់ រួមនឹងគ្រឿងញៀនមួយចំនួន កាលពីល្ងាចថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២២ និងត្រូវបានដោះលែងវិញ នៅពេលយប់ថ្ងៃខែឆ្នាំដដែល បន្ទាប់ពីចរចាលុយត្រូវជាមួយសាច់ញាតិជនសង្ស័យ។

យោងតាមប្រភពព័ត៌មានបានបញ្ជាក់ថា ប៉ូលិសនៃអធិដ្ឋាននគរបាលស្រុកល្វាឯម នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលដឹកនាំដោយលោក មួន រដ្ឋា អធិការនគរបាលស្រុក បានទារលុយពីសាច់ញាតិជនសង្ស័យចំនួន 4000$ (បួនពាន់ដុល្លារ) ក្នុងការដោះលែងជនសង្ស័យទាំងពីរនាក់ ឲ្យត្រឡប់ទៅផ្ទះវិញ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា ដោយសារតែសាច់ញាតិជនសង្ស័យអត់លុយសុំឱ្យចុះថ្លៃត្រឹមតែ 1500$ (មួយពាន់ប្រាំរយដុល្លារ) ក្នុងការដោះលែងជនសង្ស័យទាំងពីរនាក់ តែសមត្ថកិច្ចទាំងនោះមិនព្រមនោះទេ ទាល់តែបានម្នាក់ 1100$ (មួយពាន់មួយរយដុល្លារ) ក្នុងមួយនាក់ ទើបព្រមដោះលែង (សរុប 2200$)។

ករណីដែរដ៏គួរឲ្យភ័យព្រួយខាងលើនេះ ក្រុមការងារសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក មួន រដ្ឋា អធិការនគរបាលស្រុកល្វាឯម តាមរយៈលេខទូរស័ព្ទដើម្បីសុំការបំភ្លឺតែលោកឆ្លើយថាអត់ដឹងទេ ប៉ុន្មានថ្ងៃនេះគាត់រវល់តែបង្ក្រាបល្បែង។

ហេតុការណ៍នេះហាក់ដូចជារៀបចំចាប់ប្រជាពលរដ្ឋធ្វើស៊ីស្រស់ ប្រៀបដូចជាកំពុងតែប្រើសិទ្ធអំណាចជាសមត្ថកិច្ចយកមកធ្វើជាអាជីវកម្ម (ពោលគឺ) ចាប់ហើយបង្ខំឲ្យបង់លុយ រួចដោះលែងវិញ។
ប្រជាពលរដ្ឋស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមជួយចាត់វិធានការស្រាវជ្រាវពិនិត្យមើលលោក មួន រដ្ឋា អធិការស្រុកល្វាឯមផង ជៀសវាងពលរដ្ឋរងគ្រោះដោយសារ ការចាប់ខ្លួនហើយបង្ខំឱ្យបង់លុយ។
ពលរដ្ឋអំពាវនាវដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមចាត់មន្ត្រីជំនាញបើកការស៊ើបអង្កេតចំពោះករណីខាងលើផងទាន៕