បែកធ្លាយសារសម្លេង៖ លោកគ្រូពេទ្យ កែវ ពិសិដ្ឋ ផ្ញើសារទៅកាន់បក្សពួកខ្លួនទំនងជាអ្នកដឹងរឿងច្បាស់ ក្នុងករណីលាងលុយខ្មៅ ហើយក៏អាចជាជនទី១ នៃការស្វែងរកមុខសញ្ញាធំ! !
លោកគ្រូពេទ្យ កែវ ពិសិដ្ឋ ដែលធ្លាប់ជាម្ចាស់មន្ទីរពេទ្យគ្មានច្បាប់ យីហោ «មន្ទីរពហុព្យាបាលសម្ភព សុវណ្ណ រិទ្ធីសក្ដិ» ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានផ្ញើរសារជាសម្លេងទៅកាន់បក្សពួកខ្លួន តាមរយៈតេលេក្រាម telegram ជុំវិញរឿងលាងលុយខ្មៅ ។ នេះបើយោងតាមប្រភពច្បាស់ការជាសម្លេង ដែលទើបតែបែកធ្លាយ។
បើយោងតាមប្រភពព័ត៌មានដែលក្រុមការងារសារព័ត៌មានយើងទទួលបាន បានឱ្យដឹងថា៖ នៅរយៈពេលប៉ុន្មានថ្ងៃដែលប្រមុខថ្នាក់ដឹកនាំកំពូលៗ កំពុងតែមមាញឹកក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលមានកម្ពុជាជាម្ចាស់ផ្ទះ ស្រាប់តែមានការផ្សព្វផ្សាយ បែកធ្លាយជាបន្តបន្ទាប់ជុំវិញករណីលាងលុយខ្មៅ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Bong Pov ប្រើប្រាស់ដោយលោក ប៉ូ ចាន់នី (ហៅស្អែកស្លាប់)។
ក្នុងករណីដ៏ធំនោះដែរក៏មាន ឈ្មោះលោក មីន ចាន់ធី ចាងហ្វាង អាស៊ានដេលី និងជាប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ក៏បានរងការចោទប្រកាន់ ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលគណនីឈ្មោះ Bong Pov ដែលប្រើប្រាស់ដោយលោក ប៉ូ ចាន់នី (ហៅស្អែកស្លាប់) ដោយលោកស្អែកស្លាប់លើកឡើងថាលោក មីន ចាន់ធី ជាអ្នកញុះញង់បញ្ចុះបញ្ចូលលួងលោមលោកគ្រូពេទ្យ កែវ ពិសិដ្ឋ ឱ្យដាក់លុយទៅវិនិយោគជាមួយ ឈ្មោះ សួន ចំរើន ចាងហ្វាងសារព័ត៌មាន CHR TV Online ដើម្បីលាងលុយខ្មៅ។
បន្ទាប់ពីរងការចោទប្រកាន់ ភ្លាមៗនោះ លោក មីន ចាន់ធី ចាងហ្វាងសារព័ត៌មាន អាស៊ានដេលី ក៏បានរៀបចំដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្តរាគមន៍ ស្វែងរកយុត្តិធម៌ជុំវិញការចោទប្រកាន់មកលើរូបគាត់ ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចោទប្រកាន់ថារូបគាត់ជាជនក្បត់ជាតិ ជាអ្នកពាក់ព័ន្ធទៅនឹងករណីលាងលុយខ្មៅ ដែលជាអំពើល្មើសច្បាប់ ដែលសង្គមជាតិនិងសកលលោកស្អប់ខ្ពើម ជាបទល្មើសឧក្រិដ្ឋឬឧក្រិដ្ឋឆ្លងដែនដែលមិនអាចលើកលែងទោសឱ្យបាន។
ក្នុងករណីនេះដែរ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ស្រាប់តែមានសារសម្លេងបែកធ្លាយតាមប្រព័ន្ធទំនាក់ទំនងតេលេក្រាម telegram ដែលជាសម្លេងរបស់លោកគ្រូពេទ្យម្នាក់ ដែលគេស្គាល់ឈ្មោះ កែវ ពិសិដ្ឋ ជាអតីតម្ចាស់មន្ទីរពេទ្យគ្មានច្បាប់មួយកន្លែង យីហោ «មន្ទីរពហុព្យាបាលនិងសម្ភព សុវណ្ណ រិទ្ធីសក្ដិ» ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធចុះបិទ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីរកឃើញថាគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
សារសម្លេងដែលបានបែកធ្លាយ ដែលលោកគ្រូពេទ្យបានផ្ញើរទៅកាន់បក្សពួក តាមរយៈតេលេក្រាម telegram បានបញ្ជាក់ច្បាស់ថា៖ លោកគ្រូពេទ្យ កែវ ពិសិដ្ឋ កំពុងតែផ្តល់ប្រភពព័ត៌មានពាក់ព័ន្ធទៅនឹងរឿងលាងលុយខ្មៅ ឱ្យទៅលោក ប៉ូ ចាន់នី (ហៅស្អែកស្លាប់) និងបក្សពួកគ្នីគ្នារបស់ខ្លួន ហើយលោកគ្រូពេទ្យរូបនោះប្រាកដជាដឹងច្បាស់ណាស់ចំពោះការរៀបចំលាងលុយខ្មៅ ហើយលោក កែវ ពិសិដ្ឋ ប្រាកដជាជនទី១ ក្នុងការស្វែងរកមុខសញ្ញាដែលជាមេក្លោងធំ ក្នុងករណីរឿងលាងលុយខ្មៅនេះ។
ទោះបីជាយ៉ាងណាក្តី បើសិនជាស្តាប់សារសម្លេងដែលលោកគ្រូពេទ្យ កែវ ពិសិដ្ឋ បានផ្ញើទៅកាន់បក្សពួកខ្លួន ក៏ទំនងជាកលល្បិច ជុំវិញការរៀបចំផែនការទំលាក់កំហុសទៅកាន់បុគ្គលដែលមិនដឹងរឿង ដោយគ្រាន់តែខ្ចីដៃរបស់គ្នីគ្នាបក្សពួកខ្លួន ដើម្បីតែបំប៉ោងព័ត៌មាន បំពុលសង្គម ធ្វើឱ្យមហាជនជាតិនិងអន្តរជាតិមានការភ័ន្តច្រឡំ ។ មិនតែប៉ុណ្ណោះលោកគ្រូពេទ្យ កែវ ពិសិដ្ឋ បានផ្ញើសារសម្លេង កោងកាច ព្រមានធ្ងន់ៗ ទៅបណ្តាលសារព័ត៌មានផ្សេងជាច្រើនទៀត ក្នុងប្រទេសកម្ពុជា ឱ្យមានការប្រយ័ត្នខ្លួន ជាពិសេសសារព័ត៌មាន «ខ្មែរសុក្រឹត» «អាស៊ានដេលី» «កងមាស» «ស៊ីអាយ» ។
ដឹងហើយថា ការលាងលុយខ្មៅ គឺជាអំពើល្មើសច្បាប់ ជាអំពើមួយដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់មុខមាត់សង្គមជាតិ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សន្តិសុខជាតិ ជាពិសេសប៉ះពាល់ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជុំវិញករណីខាងលើនេះមហាជនជាច្រើន សូមអំពាវនាវទទូចស្នើសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេត្តាជួយអន្តរាគមន៍បើកការស៊ើបអង្កេតកោះហៅអ្នកដែលពាក់ព័ន្ធយកមកសួរនាំបង្ហាញឯកសារភស្តុតាងនិងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះផងទាន! ជៀសវាងមានការភ័ន្តច្រឡំពីមហាជន ដោយសារតែការប្រឌិតរឿងលាបពណ៌៕