
លោក កែវ ពិសិដ្ឋ ដែលតាំងខ្លួនឯងជាដុកទ័រ បានបដិសេធ ថាស្នាមមេដៃ ដែលចេញដោយក្រសួងសុខាភិបាល មិនមែនជាស្នាមមេដៃពិតប្រាកដរបស់គាត់ទេ_វគ្គ១១

តវ៉ាទៀតហើយ លោក កែវ ពិសិដ្ឋ ដែលបានតាំងខ្លួនឯងជាដុកទ័រ និងធ្លាប់ជាម្ចាស់មន្ទីរពេទ្យគ្មានច្បាប់ យីហោ «មន្ទីរពហុព្យាបាលសម្ភព សុវណ្ណ រិទ្ធីសក្ដិ» ដែលត្រូវបានក្រសួងសុខាភិបាលចុះបិទមិនឱ្យមានបើកទទួលព្យាបាលជំងឺ ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្រែកបដិសេធស្នាមមេដៃ ដែលមាននៅក្នុងកំណត់ហេតុរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ កន្លងទៅថ្មីៗ។
នៅលើកំណត់ហេតុដែលចេញដោយក្រសួងសុខាភិបាល គឺមានក្រុមការងារជាមន្ត្រីជំនាញចូលរួមចំនួន៤រូបក្នុងមាន៖
-ទី១ លោកវេជ្ជបណ្ឌិត ទិត សួស្តី អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ។
-ទី២ លោកវេជ្ជបណ្ឌិត កែវ វិបុល អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។
-ទី៣ លោកវេជ្ជបណ្ឌិត សោម សីហារ័ត្ឋ ប្រធានការិយាល័យ និយ័តកម្ម និងក្រមសីលធម៌។
-ទី៤ លោកវេជ្ជបណ្ឌិត នាង ភារី អនុប្រធានការិយាល័យនិយ័តកម្មសុខាភិបាល។
យោងតាមកំណត់ហេតុត្រង់ចំណុចការបំភ្លឺរបស់លោក កែវ ពិសិដ្ឋ បានយល់ព្រមទទួលស្គាល់ថាមន្ទីរពេទ្យរបស់ខ្លួនចំនួនពីរកន្លែង ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល និងស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺមិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលនោះទេ។
ក្នុងកំណត់ហេតុលោក កែវ ពិសិដ្ឋ ក៏បានសន្យាយល់ព្រមធ្វើតាមវិធានការណែនាំរបស់ក្រុមការងារដោយបានយល់ព្រមនឹងឯកភាពតាមកំណត់ហេតុរបស់ក្រុមការងារចុះពិនិត្យ និងបានផ្តិតស្នាមមេដៃស្តាំទុកជាភស្តុតាង។
ដោយឡែកកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រាប់តែលោក កែវ ពិសិដ្ឋ បានផ្ញើសារជាសម្លេងតាមប្រព័ន្ធទំនាក់ទំនងតេលេក្រាម telegram ជាសាធារណៈដោយបដិសេធក្តែងៗថា៖ «ស្នាមមេដៃដែលជាប់នឹងក្រដាសកំណត់ហេតុមិនមែនជាស្នាមមេដៃរបស់ខ្លួននោះទេ»។ លោកពេទ្យ កែវ ពិសិដ្ឋ រូបនេះក៏បានស្នើសុំឱ្យយកក្រដាសកំណត់ហេតុមានស្នាមមេដៃ ដែលមានភ្ជាប់ជាមួយឈ្មោះគាត់យកទៅធ្វើការពិនិត្យ និងស្គេនមើល ឱ្យច្បាស់ទៅ ថាជាស្នាមមេដៃរបស់គាត់ ឬមិនមែនទេ។
ការទម្លាយឡើងដោយលោក កែវ ពិសិដ្ឋ ជុំវិញស្នាមមេដៃបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បណ្តាញសារព័ត៌មានជាច្រើន ហើយក្រុមការងារសារព័ត៌មានយើងក៏បានចាប់អារម្មណ៍និងសង្ស័យយ៉ាងខ្លាំង ក៏បានធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងស្នាមមេដៃចំនួនពីរលើកិច្ចសន្យាពីរផ្សេងគ្នា ដែលមានឈ្មោះលោក កែវ ពិសិដ្ឋ តែមួយ និងមើលទៅពិតជាគួរឱ្យសង្ស័យខ្លាំងមែនទែន។
ចំពោះការសង្ស័យបន្លំស្នាមមេដៃខាងលើនេះ ក្រុមការងារសារព័ត៌មានយើងក៏បានទំនាក់ទំនងសុំការបំភ្លឺពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ប៉ុន្តែមិនមានការបំភ្លឺនោះទេ ព្រោះលោកជំទាវមិនព្រមឆ្លើយតប នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ចំណែកឯលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ខាងសារព័ត៌មានយើងក៏មិនអាចសុំការបំភ្លឺបានដែរ ព្រោះ Whatsapp ស្តាប់ហើយមិនតបទូរស័ព្ទខលចូលបែរជាឮក្រុមហ៊ុនឆ្លើយថាជាប់រវល់ទៅវិញ។
ដោយសារតែសុំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធមិនបានដូច្នេះមានតែស្នើសុំដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមឯកឧត្តមជួយពិនិត្យមើលលើស្នាមមេដៃ ដែលសង្ស័យថាក្រុមមន្ត្រីថ្នាក់ក្រោមធ្វើការបំន្លំមេដៃ ដើម្បីភូតកុហកថ្នាក់ដឹកនាំ និងបោកប្រាស់ទំនុកចិត្តមហាជន។
សូមជម្រាបថា៖ ជុំវិញការចុះពិនិត្យចំពោះមន្ទីរពហុព្យាបាលសម្ភព កែវ ការីណូ មន្ត្រីពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល ទាំងនោះក៏ធ្លាប់បានធ្វើការលំលំយកតែម៉ោង ដោយក្នុងកំណត់ហេតុនោះក៏ខុសប្រក្រតីខ្លាំងណាស់ដែរ ពោលគឺមិនមានស្នាមមេដៃរបស់ម្ចាស់មន្ទីរពេទ្យនោះទេ គឺមានន័យថាមន្ត្រីពាក់ព័ន្ធទាំងអស់នោះធ្វើការលំលំយកតែប្រាក់ខែដូចត្រូវថ្នាំសណ្តំ។ ហើយប្រសិនបើការតវ៉ារបស់លោក កែវ ពិសិដ្ឋ ជាការពិត តើករណីនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង គួរតែដោះស្រាយបែបណាចំពោះមន្ត្រីក្រោមឱវាទ ដែលធ្វើការបន្លំស្នាមមេដៃ បោកប្រាស់ថ្នាក់ដឹកនាំ និងមហាជន៕
ទាក់ទិនទៅនឹងការចុះផ្សាយព័ត៌មានខាងលើនេះ ក្រុមការងារសារព័ត៌មានយើងនិងរង់ចាំការឆ្លើយតបបំភ្លឺពីក្រសួងសុខាភិបាលរៀងរាល់ម៉ោងធ្វើការ ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖ 098906664










