ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV News និងក្រុមការងារបានបដិសេធច្រានចោលជុំវិញការពាក់ព័ន្ធជាមួយសារសម្លេងលោក កែវ ពិសិដ្ឋ ក្នុងករណីរឿងលុយខ្មៅ_វគ្គ២

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV NEWS  រួមទាំងប្អូនប្រុសបង្កើតឈ្មោះ នួន រតនៈ និងជាក្រុមការងារបានចេញលិខិតបំភ្លឺបដិសេធច្រានចោលជុំវិញសារសម្លេងរបស់លោក កែវ ពិសិដ្ឋ ដែលបាននិយាយរួមគ្នាជាមួយបក្សពួកជុំវិញរឿងលាងលុយខ្មៅ ។ នេះបើយោងតាមលិខិតដែលសារព័ត៌មានយើងទើបទទួលបាន។

ក្នុងលិខិតបំភ្លឺបដិសេធដែលសារព័ត៌មានយើងទទួលបាន បានឱ្យដឹងថា៖ លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV NEWS និងលោក នួន រតនៈ ដែលជាប្អូនបង្កើតសូមធ្វើការបដិសេធទាំងស្រុងចំពោះសារសម្លេងលើកឡើងរបស់លោក កែវ ពិសិដ្ឋ និងចំពោះការបង្ហោះផ្សាយរបស់លោក ប៉ូ ចាន់នី ហៅស្អែកស្លាប់ តាមគណនីហ្វេសប៊ុកឈ្មោះ Bong Pov ពាក់ព័ន្ធទៅ រឿងលាងលុយខ្មៅ ។

ក្នុងលិខិតបំភ្លឺរបស់លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV Online ក៏បានបញ្ជាក់ថា៖ «លោកគ្រូពេទ្យ កែវ ពិសិដ្ឋ បានគំរាមរូបលោក ដោយយកឈ្មោះអង្គភាពកងអង្គរក្សសម្តេចតេជោ មកគំរាមលោកដើម្បីឱ្យលោកចូលរួមសហការប្តឹងលោក សួន ចំរើន និងរៀបចំឯកសារផ្សេងទៀតដើម្បីរៀបចំប្តឹងចោទប្រកាន់ទៅបងប្រុសលោកថាជាអតីតគណបក្សសង្គ្រោះជាតិ»។

សូមជម្រាបថា៖ ក្នុងរយៈប៉ុន្មានថ្ងៃនេះមានគណនីហ្វេសប៊ុកឈ្មោះ Bong Pov ដែលប្រើប្រាស់ដោយលោក ប៉ូ ចាន់នី (ហៅស្អែកស្លាប់) បានធ្វើការសរសេរបង្ហោះផ្សាយ ឡាយវីដេអូ  និយាយជាបន្តបន្ទាប់ ជុំវិញរឿងវិនិយោគលាងលុយខ្មៅ ដោយលោក ប៉ូ ចាន់នី ម្ចាស់គណនីហ្វេសប៊ុក Bong Pov ដោយលើកឡើងថា លោក មីន ចាន់ធី ចាងហ្វាងសារព័ត៌មាន អាស៊ានដេលី បានញុះញង់បញ្ចុះបញ្ចូលលួងលោមលោកគ្រូពេទ្យ កែវ ពិសិដ្ឋ ឱ្យដាក់លុយវិនិយោគជាមួយឈ្មោះ សួន ចំរើន ចាងហ្វាងសារព័ត៌មាន CHR TV Online ដើម្បីចូលរួមលាងលុយខ្មៅ។

ការលើកឡើងខាងលើនេះដែរលោក ប៉ូ ចាន់នី (ហៅស្អែកស្លាប់) ក៏បានបញ្ជាក់តាមសំនេរនៅក្នុងករណីហ្វេសប៊ុក Bong Pov ដោយមានខ្លឹមសារភ្ជាប់ជាមួយសារសម្លេងរបស់លោក កែវ ពិសិដ្ឋ យ៉ាងច្បាស់ថា លោក កែវ ពិសិដ្ឋ ពិតជាអ្នកផ្តល់ប្រភពព័ត៌មានជុំវិញរឿងលាងលុយខ្មៅ ឱ្យទៅរូបលោកស្អែកស្លាប់ ពិតប្រាកដមែន។

ចំណែកឯលោក មីន ចាន់ធី ចាងហ្វាងសារព័ត៌មាន អាស៊ានដេលី ឯណេះវិញបន្ទាប់ពីទទួលបានព័ត៌មានជុំវិញការចោទប្រកាន់មកលើរូបគាត់ ថារូបគាត់ជាជនក្បត់ជាតិ អ្នកញុះញង់បញ្ចុះបញ្ចូលលួងលោមលោកគ្រូពេទ្យ កែវ ពិសិដ្ឋ ឱ្យទៅវិនិយោគលាងលុយខ្មៅជាមួយលោក សួន ចំរើន ចាងហ្វាងសារព័ត៌មាន CHR TV Online ភ្លាមនោះរូបគាត់ក៏បានរត់ទៅដាក់ពាក្យបណ្តឹងនៅឯនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្តរាគមន៍រកភាពយុត្តិធម៌ពីថ្នាក់ដឹកនាំ។

យ៉ាងណាមិញយើងនៅមិនទាន់ដឹងច្បាស់នោះទេ ជុំវិញប្រភពព័ត៌មានពីលោកគ្រូពេទ្យ កែវ ពិសិដ្ឋ ដែលបានផ្ដល់ព័ត៌មានរឿងលាងលុយខ្មៅ ទៅកាន់បក្សពួកខ្លួន ដែលមានលោក នួន មេសា និងលោក នួន រតនៈ រួមទាំងគ្នីគ្នាផ្សេងទៀត។

បើយោងតាមសារសម្លេងផ្សេងទៀតដែលក្រុមការងារសារព័ត៌មានយើងទទួលបាន បានឱ្យដឹងថា៖ លោក កែវ ពិសិដ្ឋ ក៏បាន យកឈ្មោះអ្នកធ្វើការក្នុងជួរមន្ត្រីរាជការថ្នាក់ធំយកមកគំរាមកំហែងដល់គ្នីគ្នាបក្សពួកខ្លួន ដើម្បីឱ្យស្របតាមសំណើនិងអំពើចិត្តរបស់ខ្លួន។

ទាក់ទិនទៅនឹងរឿងរ៉ាវខាងលើនេះក្រុមការងារសារព័ត៌មានយើង បានត្រឹមតែធ្វើការចុះផ្សាយទៅតាមប្រភពដែលទទួលបាន ចំពោះការពិតយ៉ាងណាយ៉ាងណីនោះ សូមអាជ្ញាធរនិងសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់គ្រប់ស្ថាប័នពាក់ព័ន្ធជួយបើកការស៊ើបអង្កេតផង ជៀសវាងមានការភ័ន្តច្រឡំពីមហាជនជាតិនិងអន្តរជាតិ។

មហាជនជាច្រើនសូមអំពាវនាវដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេត្តាចាត់មន្ត្រីជំនាញក្រោមឪវាទធ្វើការស្រាវជ្រាវចំពោះ ករណីខាងលើនេះផង ជៀសវាងមានភាគីណាមួយរង់ភាពអយុត្តិធម៌។

សូមបញ្ជាក់ថា៖ «លោកគ្រូពេទ្យ កែវ ពិសិដ្ឋ ជាម្ចាស់មន្ទីរពេទ្យគ្មានច្បាប់មួយកន្លែង យីហោ «មន្ទីរពហុព្យាបាលសម្ភព សុវណ្ណ រិទ្ធីសក្ដិ» ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបាន ក្រសួងសុខាភិបាលចុះបិទទីតាំងការពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ថ្មីៗនេះ»៕

ជុំវិញការចុះផ្សាយនៅព័ត៌មានខាងលើអង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់គ្រប់ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង