ពាក្យបណ្តឹង ពីបទប៉ុនប៉ងរំលោភសម្លាប់ នៅខណ្ឌពោធិ៍សែនជ័យ កំពុងតែរក្សាភាពស្ងៀមស្ងាត់ (វគ្គ១)
កាលពីថ្ងៃ២៧ ខែតុលា ឆ្នាំ២០២២កន្លងទៅជាង១ខែ ស្ថិតនៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីប៉ុនប៉ងរំលោភសម្លាប់ បង្កដោយជនសង្ស័យម្នាក់មិនស្គាល់ឈ្មោះនិងអាសយដ្ឋានច្បាស់លាស់ នេះបើយោងតាមការរាយរាប់ពីភាគីរងគ្រោះ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ និងគ្រួសារជនរងគ្រោះបានប្រាប់សារព័ត៌មានយើងថា «កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ មានបុរសម្នាក់វ័យប្រហែលជាង៤០ឆ្នាំបានចូលមកជួលបន្ទប់ស្នាក់នៅក្នុងផ្ទះសំណាក់របស់ខ្លួន បន្ទាប់មកជនសង្ស័យរូបនោះក៏បានចាប់ជនរងគ្រោះក្របួចមាត់បង្ខិតបង្ខំឱ្យរួមភេទជាមួយ»។
ប្រភពដដែលបានបន្ថែមទៀតថា «បន្ទាប់ពីជនសង្ស័យធ្វើការចាប់បង្ខំឱ្យរួមភេទជាមួយ ពេលនោះជនរងគ្រោះមិនព្រមនោះទេ ហើយជនរងគ្រោះក៏ស្រែកឱ្យគេជួយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ភ្លាមៗនិងបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប នៃអធិដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ពីបទប៉ុនប៉ងរំលោភសម្លាប់ ! ចំណែកឯជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោលមុនប៉ូលិសមកដល់»។
ស្ត្រីដែលជាជនរងគ្រោះក៏បានត្អូញត្អែរប្រាប់សារព័ត៌មានយើងទៀតថា «ជនសង្ស័យបានធ្វើសកម្មភាពចាប់ក្របួចមាត់គំរាមកំហែងរូបគាត់មិនឱ្យស្រែកនោះទេ ឱ្យរួមភេទជាមួយខ្លួនតែមួយភ្លេតប៉ុណ្ណោះកុំឱ្យប្តីដឹង បើមិនចឹងគេនឹងសម្លាប់ចោល»។
ករណីនេះដែរជនរងគ្រោះរួមទាំងក្រុមគ្រួសារ បានធ្វើការដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ នៃអធិដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតមកទល់ពេលនេះគឺរយៈជាង ១ខែហើយ នៅមិនទាន់មានចំណាត់ការតាមផ្លូវច្បាប់នៅឡើយនោះទេ ពោលគឺកំពុងតែរក្សាភាពស្ងៀមស្ងាត់។
ស្ត្រីដែលជនរងគ្រោះរួមទាំងក្រុមគ្រួសារបានស្នើសុំឱ្យសារព័ត៌មានយើងជួយផ្សព្វផ្សាយដើម្បីឱ្យបានដឹងដល់ថ្នាក់ដឹកនាំ ដើម្បីជួយរកយុត្តិធម៌ជូនដល់រូបគាត់ ខណៈពាក្យបណ្តឹងប្តឹងជាង ១ខែទៅហើយ នៅមិនទាន់មានចំណាត់ការតាមផ្លូវច្បាប់។
ចំណែកឯលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ បានប្រាប់សារព័ត៌មានយើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ករណីនេះលោកបានបញ្ចូនពាក្យបណ្តឹងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ យូរហើយ។
ហើយលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់សារព័ត៌មានយើងនៅថ្ងៃទី២៨វិច្ឆិកានេះដែរថា ពាក្យបណ្តឹងក្នុងករណីនេះលោកកំពុងតែធ្វើការបញ្ចូន ។ លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មិនបានបញ្ជាក់នោះទេ ថាបញ្ចូនពាក្យបណ្តឹងនេះទៅណា ! ព្រោះករណីនេះបានកើតឡើងជាង១ខែហើយ តែបែរស្ងៀមស្ងាត់ហាក់ដូចជាដូចមានការលាក់លៀម។
ស្ត្រីដែលជនរងគ្រោះនិងក្រុមគ្រួសារសូមសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គ្រប់ស្ថាប័នពាក់ព័ន្ធមេត្តាជួយ អន្តរាគមន៍ករណីខាងលើនេះផង ខណៈដែលមន្ត្រីថ្នាក់ក្រោមយកសុំណុំរឿងរបស់គាត់ទៅទុកចោលឥតមានចំណាត់ការ។
តាមប្រភពព័ត៌មានពីស្ត្រីដែលជាជនរងគ្រោះ រួមទាំងក្រុមគ្រួសារបានប្រាប់សារព័ត៌មានយើងឱ្យដឹងថា ជនសង្ស័យធ្វើការជាមន្ត្រីយោធា តែមិនទាន់ដឹងនៅអង្គភាពណាឱ្យពិតប្រាកដនោះទេ។
ជុំវិញករណីខាងលើនេះក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីភាគីដែលជាជនសង្ស័យបាននោះទេ ព្រោះអត់ស្គាល់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង។
ក្រុមការងារសារព័ត៌មានយើងរង់ចាំការបកស្រាយបំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ចនិងភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕