
ឯកឧត្តម សុខ លូ ណែនាំដល់រដ្ឋបាលក្រុងស្រុកទាំងអស់ និងកងកម្លាំងប្រដាប់អាវុធ បន្តធ្វើការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នានា

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង១៤ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

នាឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលក្រុងស្រុកទាំងអស់ និងកងកម្លាំងប្រដាប់អាវុធ បន្តធ្វើការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នានា ដែលកំពុងធ្វើសកម្មភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកុំឱ្យបាត់បង់ធនធានដែលមាននៅក្នុងបឹងបួរ ស្ទឹង ឬទន្លេ ហើយក្នុងនោះដែរក៏ត្រូវបន្តធ្វើការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់នានាដូចភ្លៀងរលឹម មិនលែងដៃឡើយ ព្រោះបើសិនយើងធ្វើការបង្រ្កាបម្ដងហើយរួចឈប់ បទល្មើសល្បែងស៊ីសងខុសច្បាប់នៅតែបន្តកើតមានដដែល ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានធ្វើការណែនាំដល់ មេឃុំ ចៅសង្កាត់ទាំងអស់ សហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើការចុះសម្ភាសន៍ និងស្វែងរកជនងាយរងគ្រោះបំផុត ដើម្បីធ្វើការផ្ដល់ជូនជាប័ណ្ណសមធម៌ជូនគាត់ដែលអាចទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលប្រចាំខែផងដែរ ហើយបន្តធ្វើការទប់ស្កាត់ការដឹកអីវ៉ាន់សំពីងសំពោងនៅតាមដងផ្លូវសាធារណៈ ដែលបង្កឱ្យមានគ្រោះថ្នាក់នៅតាមដងផ្លូវជាយថាហេតុផង និងធ្វើឱ្យខូចផ្លូវថ្នល់ផងពីការដឹកទំនិញលើសចំណុះបែបនេះ និងត្រូវបន្តធ្វើការរៀបចំអនាម័យបរិស្ថាននៅតាមសាធារណៈ ដោយត្រូវធ្វើការស្វែងរកទីធ្លាទំនេរសម្រាប់រៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយ នៅតាមស្រុកទាំង១៤រៀងៗខ្លួន និងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីអនាម័យបរិស្ថាន អំពីរបៀបទុកដាក់សំរាមឱ្យមានសណ្ដាប់ធ្នាប់ ។

ឯកឧត្តមបានបន្តថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំសកលខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំពិពរណ៌ម្ហូបអាហារ និងក្នុងគោលបំណងដើម្បីដាក់តាំងបង្ហាញពីស្នាដៃម្ហូបអាហារដែលជាស្នាដៃកូនខ្មែរផង និងបង្ហាញអំពីម្ហូបអាហារប្រចាំខេត្តបាត់ដំបងជូនសាធារណជនឱ្យបានស្គាល់ បានភ្លក់អំពីមុខម្ហូបសំខាន់ៗដែលមាននៅក្នុងខេត្តបាត់ដំបង ក៏ដូចជាធ្វើការផ្សព្វផ្សាយអំពីមុខម្ហូបនៅខេត្តបាត់ដំបងដល់ភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងកំសាន្តផងដែរ ៕

