
សហភាពសហជីព និងសហព័ន្ធសហជីព មានសំឡេងនិងសមាជិកលើសលប់នៅប្រទេសកម្ពុជាប្តឹងអង្គការ ACILS អំពីសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិតកម្ពុជា

ភ្នំពេញ៖ ថ្នាក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា បានសម្តែងការខកចិត្តជាខ្លាំងចំពោះ អង្គការ ACILS ដែលបានកំពុងផ្តល់ការគាំទ្រ ដោយផ្ទាល់ និងប្រយោគផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋាន ជាសមាជិករបស់ពួកគេ។
សមាជិកសហជីពដែលត្រូវបានអូសទាំញទាំងនោះ បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលានានា ដែលរៀបចំក្រោមគម្រោងគាំទ្ររបស់អង្គការ ACILS ហើយបានជំរុញឲ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី។

ថ្នាក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា បានចាត់ទុកថា ការគាំទ្រដល់សកម្មភាពទាំងនេះគឺជាការចូលរួមធ្វើឲ្យមានការបែកបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិត ដែលធ្វើឲ្យចុះទន់ខ្សោយនូវសំឡេងរួមរបស់សហជីពដែលផ្ទុយពីទិសដៅរួម និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេទាំងអស់គ្នា ដែលជាយថាហេតុធ្វើឲ្យប៉ះពាល់ និងខូចខាតផលប្រយោជន៍បច្ចុប្បន្ន និងអនាគតរបស់កម្មករនិយោជិតនៅកម្ពុជា។ លើសពីសកម្មភាពទាំងនេះ គឺផ្ទុយទៅនឹងគោលការណ៍ទូទៅនឹងការលើកកម្ពស់ចលនាកម្លាំងកម្មករនិយោជិត និងអាចឈានទៅរំលោភច្បាប់ជាធរមាន។

ថ្នាក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា បានប្រកាសប្រឆាំងដាច់អហង្ការចំពោះការផ្តល់ការគាំទ្រសកម្មភាពអស់ទាំងនេះ ដែលបង្កប់នូវចេតនាទុច្ចរិត និងទាមទារដាច់ខាតឲ្យអង្គការ ACILS បញ្ឈប់ជាបន្ទាន់នូវការផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់សកម្មភាពអស់ទាំងនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងគោលដៅរួមក្នុងការលើកកម្ពស់សំលេង និងកម្លាំងឯកភាពគ្នានៃចលនានិយោជិតនៅកម្ពុជា។

ថ្នាក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះរាល់សកម្មភាពរបស់អង្គការ ACILS ហើយបើមិនបញ្ឃប់សកម្មភាអស់ទាំងនេះទេ យើងខ្ញុំទាំងអស់គ្នានឹងចាត់វិធានការម៉ឺងម៉ាត់ដើម្បីការពារដាច់ខាតនូវផលប្រយោជន៍រួមរបស់កម្មករនិយោជិតនៅកម្ពុជាដោយ៖
- បញ្ឈប់រាល់កិច្ចសហការជាមួយអង្គការ ACILS និងការចូលរួមក្នុងគម្រោង និងសកម្មភាពបច្ចុប្បន្ន និងទៅអនាគតដែលគាំទ្រដោយអង្គការ ACILS។
- ធ្វើការប្តឹងតវ៉ាទៅក្រសួងស្ថាប័នមានសមត្ថកិច្ច ឲ្យពិនិត្យឡើងវិញ លើក្របខណ្ឌកិច្ចសហប្រតិបត្តិការរបស់អង្គការ ACILS សំដៅផ្អាក រឺបញ្ឈប់អនុស្សរណៈនៃការយោគយល់គ្នានានា ដែលបានផ្តល់ការអនុញ្ញាតិឲ្យអង្គការ ACILS ធ្វើសកម្មភាពក្នុងព្រះរាជាណាចក្រកម្ពុជា។
- ចាត់វិធានការចំាបាច់ផ្សេងៗ ដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបញ្ឈប់សកម្មភាពអស់ទាំងនេះ។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា ទន្ទឹមរង់ចាំ និងបើកចំហរដល់អង្គការ ACILS ដើម្បីបកស្រាយបំភ្លឺ ឬបញ្ជាក់ពីគោលជំហររបស់ខ្លួនលើករណីនេះដោយផ្ទាល់ ឬជាលាយលក្ខណ៍អក្សរ ព្រមទាំងបន្តកិច្ចសហការប្រកបដោយឆន្ទៈ ដែលមានគោលដៅរួមក្នុងការលើកកម្ពស់ និងការពារផលប្រយោជន៍រួមរបស់ចលនាកម្មករនិយោជិតនៅកម្ពុជា៕















