
បើកបរខ្វះការប្រុងប្រយ័ត្នបានរ៉េចង្កូតឡើងបុកអាហារដ្ឋានមួយកន្លែងរងរបួសធ្ងន់០២នាក់
ខេត្តបាត់ដំបង! បុរស០២នាក់បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានរ៉េចង្កូតឡើងបុក ជញ្ជាំងអាហារដ្ឋានមួយកន្លែងនៅវេលាម៉ោង០២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥.ខែធ្នូ ឆ្ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវកែង ស្ថិតក្នុងភូមិរំចេក សង្កាត់រតនៈ ខេត្តបាត់ដំបង ។
ប្រភពបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅ មួយគ្រឿងគ្មានផ្លាកលេខបើកបរជិះគ្នាពីរនាក់ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុចំណុចផ្លូវកោងបត់មិនទាន់បានជ្រុលចង្កូតឡើងបុក ជញ្ជាំងអាហារដ្ឋានមួយកន្លែងបណ្តាលអោយរងរបួសធ្ងន់ទាំងពីរនាក់តែម្តង។
ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្នងការខេត្ត ចំណែកមធ្យោបាយត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។


