ក្លឹបស្ប៉ាឆ្នេរមាស កំពុងតែផ្តល់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងយ៉ាងសកម្មដោយមិនខ្លាចធ្លាក់នរក ១៨ជាន់
ក្លឹបស្ប៉ាឆ្នេរមាស ដែលមានទីតាំងស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែផ្តល់ទីតាំងចែកចាយប្រើប្រាស់គ្រឿងញៀនដល់យុវជនយុវនារីជាច្រើន ដែលបានចូលទៅផឹកស៊ីរាំច្រៀងដោយមិនខ្វល់ពីផ្លូវច្បាប់។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងក្លឹបយីហោ «ស្ប៉ាឆ្នេរមាស» ដែលបោះទីតាំងឈរជើងនៅក្នុងដែនដីខណ្ឌចំការមន ខាងលើនេះ បានផ្តល់ទីកន្លែងសម្រាប់ការចែកចាយប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ដោយមិនខ្លាចធ្លាក់នរកប្រេត ១៨ជាន់ មិនតែប៉ុនោះក្លឹបខាងលើក៏បានបង្កប់នៅល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីទៀតផង។
យ៉ាងណាមិញខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអ្នកគ្រប់គ្រងក្លឹបខាងលើបានទេ ពាក់ព័ន្ធទៅនឹងប្រភពព័ត៌មានខាងលើនេះ ដោយហេតុថាគ្មានលេខទូរស័ព្ទ។
មហាជនជាច្រើនមានចម្ងល់ថា តើលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ដែលទើបតែឡើងកាន់តំណែងថ្មីៗហ៊ុយៗ ហើយនិងលោក យិន សាន អធិការខណ្ឌចំការមន ដែលកាន់ដំណែងយូរឡើងដុះស្នឹម មានដឹងទេថានៅដែនដីរបស់ខ្លួនមានជីវកម្មស្របច្បាប់ កំពុងតែបង្កប់គ្រឿងញៀន និងល្បែងស៊ីសង។
មហាជនជាច្រើនក៏បានលើកឡើងថា សព្វថ្ងៃនេះអធិការខណ្ឌចំការមន លោក យិន សាន ហាក់បីដូចជាធាត់ដុះពោះហួសប្រមាណ ធ្វើឱ្យពិបាកក្នុងការចុះបង្ក្រាបបទល្មើស ដូចជាល្បែងស៊ីសងបង្កប់គ្រឿងញៀននៅក្នុងផ្សារផ្លាហ្សាបឹងត្របែកជាន់ទី៤ ក៏លោកមិនអាចបង្ក្រាបបានដែរ។ ទោះបីជាមានខាងសារព័ត៌មានយើង ឬប្រជាពលរដ្ឋរាយការណ៍ឡើងសឹកប្រវេរមាត់ ឡើងអស់លុយសេវាទូរស័ព្ទក៏ដោយ ក៏លោកមិនអាចបង្ក្រាបបាន ពោលគឺ ឆ្លើយថាឱ្យទាក់ទងទៅលោក កៀង ល័ក្ស អភិបាលខណ្ឌ វិញទៅ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ធ្លាប់មានប្រសាសន៍ថា «និងត្រៀមទំលាក់ស័ក្តិចំពោះមន្ត្រីរូបណាដែលដុះពោះ»។
មហាជនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចេញបទបញ្ជាដល់មន្ត្រីក្រោមឱវាទចុះពិនិត្យបង្ក្រាបករណីខាងលើនេះផងទាន៕