ផ្ទាំងពាណិជ្ជកម្មនៅលើអត្ថបទ

ស្នើសុំដល់ថ្នាក់ដឹកនាំ ជួយពិនិត្យមើលបុរស ម្នាក់ដែលអាងខ្លួនជាសមត្ថកិច្ច មកគំរាមដាក់កម្លាំងចាប់ និងវ៉ៃបោកទូរស័ព្ទអ្នកសារព័ត៌មាន

កាលពីល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ មានករណីផ្ទុះសារ៉ាយមួយប្រាវឡើងបែកពពុះមាត់ បង្កឡើងដោយបុរសម្នាក់ដែលតាំងខ្លួនឯងជាប៉ូលីស ដែលគេស្គាល់ឈ្មោះថា សុគន្ឋ ពុទ្ធេម៉ា បានប៉ះសម្តីជាមួយអ្នកសារព័ត៌មាន បណ្តាលឱ្យផ្អើលពេញមុខមន្ទីរពេទ្យត្រង់ចំណុចមុខមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ បុរសម្នាក់ដែលគេស្គាល់ឈ្មោះ សុគន្ធ ពុទ្ធេម៉ា បានតាំងខ្លួនឯងជាសមត្ថកិច្ច និងបានមករករឿងដៀលត្មះដាក់អ្នកសារព័ត៌មាន ដោយពេលនោះក៏បានបោះពាក្យសម្ដីអសុរោះ ទៅកាន់អ្នកសារព័ត៌មាននោះថា កំទេចសារព័ត៌មាន អ្នកសារព័ត៌មានអាចម៍ៗ សារព័ត៌មានអាចម៍ឆ្កែ បើខ្លាំងហែងហៅមេហែងមក។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា៖ បុរសម្នាក់ដែលមានមាឌធំធាត់កាម៉ាប់បានតាំងខ្លួនជាប៉ូលីសរូបនោះបានព្រមានធ្ងន់ៗដាក់អ្នកសារព័ត៌មាននោះថា បើខ្លាំងកុំចេញទៅណានៅចាំទីនិងហើយ ចាំអញហៅកម្លាំងគ្នាអញមកចាប់។

ខណៈពេលនោះដែរ ក៏ឃើញថានៅតែមានការផ្ទុះសារ៉ាយ ដៀលត្មះគ្មានសំចៃមាត់ពីសំណាក់លោកប៉ូលីស ថែមទាំងបានប៉ះទង្គិចគ្នាមួយប្រាវខ្លាំងឡើងៗ ដោយឃើញថាម្នាក់ៗប្រឹងប្រកែកឡើងបែកពពុះមាត់ទាំងសងខាង ហាក់ដូចជាកំពុងតែព្យាយាមយកឈ្នះរៀងៗខ្លួនដើម្បីយកពានរង្វាន់លេខប្រាំបី។

ទោះបីជាយ៉ាងណាមិញខាងសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅកាន់លោកប៉ូលីសឈ្មោះ សុគន្ធ ពុទ្ធេម៉ា នៅព្រឹកថ្ងៃទី១០ ខែធ្នូ នេះដែរដើម្បីសុំការបំភ្លឺ ជុំវិញទំនាស់ខាងលើ តែលោកប៉ូលីសរូបនោះបាននិយាយថា ករណីនេះកើតដោយសារតែរឿងទំនាស់ចាស់ លោកប៉ូលីសរូបនោះមិនបានបញ្ជាក់ឱ្យច្បាស់នោះទេថារឿងទំនាស់ចាស់អ្វីឱ្យច្បាស់ប្រាកដនោះទេ។

ក្នុងពេលធ្វើបទសម្ភាស៍លោកប៉ូលីសរូបនោះក៏បានក្លែមសម្តី យ៉ាងរំភើយ ដោយបានលើកឡើងថា សារព័ត៌មានណាដែលបានបង្ហោះផ្សាយរឿងខ្លួនខាងលើ លោកនិងដាក់ពាក្យបណ្តឹងប្តឹងទៅក្រសួងព័ត៌មាន។ ហើយក្រុមការងារសារព័ត៌មានយើងមិនដឹងនោះទេថាលោកប៉ូលីសមានធំធាត់ម៉ាប់ខាងលើនេះ នៅក្នុងអង្គភាពណានោះទេ ព្រោះលោកប្រាប់ថាសុំលាក់សិន។

អ្នកសារព័ត៌មានស្នើសុំដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយនិងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេត្តាជួយអន្តរាគមន៍និងពិនិត្យមើលក្រមសីលធម៌របស់មន្ត្រីនគរបាលខាងលើផងទាន៕

ផ្ទាំងពាណិជ្ជកម្មនៅក្រោមអត្ថបទ
អត្ថបទដែលជាប់ទាក់ទង