
ករណីក្លែងបន្លំឯកសារ ចាប់មនុស្សខុសដាក់គុក នៅខេត្តកណ្ដាល អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ កំពុងតែរក្សាភាពស្ងៀមស្ងាត់_វគ្គ៣

ខេត្តកណ្តាល៖ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល នៃស្នងការដ្ឋានខេត្តកណ្តាល បានធ្វើការចុះបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់មួយកន្លែង ស្ថិតត្រង់ក្នុងចំណុចដីតារាងបាល់របស់លោក ពោច សួរ នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងនោះកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ឈឿន សារុំ បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ ឈឿន សារុំ ដែលសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការនោះគឺមិនមែនជាម្ចាស់ទីតាំងបនល្បែងពិតប្រាកដនោះទេ គឺសមត្ថកិច្ចទាំងនោះបានចាញ់បោករបាយកល លោក ពោច សួរ ដែលជាបុគ្គលមានអំណាចលុយឡាន ។ ព្រោះក្នុងពេលនោះលោក ពោច សួរ និងគ្នីគ្នាដែលជាបក្សពួកបានរួមគំនិតគ្នាយកលិខិតកិច្ចសន្យាជួលដីយកទៅឱ្យមេឃុំចុះហត្ថលេខានិងប្រថាប់ត្រា ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចឱ្យវង្វេងវង្វាន់ចាប់មនុស្សខុសយកទៅដាក់គុកជំនួស ដោយគ្មានការពិចារណា លើលិខិតដែលចុះថ្ងៃទីមិនប្រក្រតី (ពោលគឺ) ប្រថាប់ត្រានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ បែរជាចុះលេខនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ឯណោះវិញ។

សូមបញ្ជាក់ថា ករណីក្លែងបន្លំឯកសារជួលដីខាងលើនេះ ត្រូវបានលាតត្រដាងការពិតកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បន្ទាប់ពីសារព័ត៌មានជាច្រើនធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតទៅតាមការផ្តល់ព័ត៌មានពីលោក ឆាយ សេន មេឃុំព្រែកតាមាក់ ដែលលោកបានដាច់ចិត្តទម្លាយចេញ ខណៈដែលលោកក៏ព្រមទទួលកំហុសក្នុងការចុះហត្ថលេខាដោយមិនបានពិចារណា ពោលគឺ៖ បិទភ្នែកស៊ីញ៉េ វ៉ៃត្រា យ៉ាងរំភើយ ដូចអត់ខ្លាចគុកច្រវាក់បន្តិចសោះឡើយ។

ពាក់ព័ន្ធទៅនឹងករណីចាប់ខុសមនុស្សយកទៅដាក់គុក ពីសំណាក់សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ខាងលើនេះ មហាជនជាច្រើនសង្កេតឃើញថាអាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធ ក៏កំពុងតែបញ្ចេញសកម្មភាពយ៉ាងសស្រាក់សស្រាំដោយនាំគ្នារក្សាភាពស្ងៀមស្ងាត់ដូចជាត្រូវមន្តសណ្ដំរបស់លោក ពោច សួរ ដែលជាបុគ្គលមានអំណាចលុយឡាន។

មហាជនជាច្រើនក៏បានលើកឡើងជាចម្ងល់ថា តើលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មានបានដឹងរឿងមន្ត្រីក្រោមឱវាទរបស់ខ្លួនឃាត់មនុស្សខុសបញ្ជូនទៅតុលាការដាក់ពន្ធនាគារខាងលើនេះដែរឬទេ? ហើយអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ គួរតែមានវិធានការរដ្ឋបាលបែបណាចំពោះលោក មេឃុំ ឆាយ សេន ដែលបានចុះហត្ថលេខាទាំងបិទភ្នែកលើលិខិតកិច្ចសន្យាខាងលើ។
ជុំវិញករណីដ៏កម្រមានខាងលើនេះក្រុមការងារសារព័ត៌មានយើងក៏បានផ្ញើរបាយការណ៍ព័ត៌មានលម្អិតជូនដល់លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលផងដែរ តែលោក សូ សារិន រូបនេះហាក់ដូចជាកំពុងតែសម្ងំស្ងៀមដូចគ្មានប្រតិកម្មអ្វីបន្តិចសោះឡើយ៕



