
រឿងលេងតុងទីន ទៀតហើយ ទើបជាប់គុក១នាក់ថ្មីៗ នៅអត់រៀង
ទៀតហើយប្រិយមិត្ត រឿងតុងទីនទៀតហើយ ម្នាក់ៗអត់រៀងសោះ ទើបតែជាប់គុកម្នាក់ថ្មីៗ រឿងលុយតុងទីនហ្នឹង ឥលូវចូលមកមួយរឿងថ្មីទៀតហើយ តែរឿងថ្មីមួយនេះខុសពីរឿងមុន ត្រង់ថាមេតុងទីន ខឹងកូនតុងទីនបង់លុយយឺត ក៏បង្ហោះសារហែកកេរ្តិ៍ តាមបណ្តាញសង្គមហ្វេសប៊ុក ដោយប្រើភាសាជេរប្រមាថ អសិលធម៌នខ្លាំងមែនទែន ខ្លាំងរហូតដល់កូនតុងទីនទ្រាំលែងបាន។
ករណីបង្ហោះសារជេរប្រមាទហែកកេរ្តិ៍ នេះដែរ ក៏បានកើតទៅជារឿងឈឺក្បាលវិលមុខដល់មន្ត្រីអ្នកអនុវត្តច្បាប់ផងដែរ ដោយសារតែខាងកូនតុងទីនដែលត្រូវបានមេតុងទីនបង្ហោះហែកកេរ្តិ៍ ជេរប្រមាថ ប្រើភាសាអសិលធម៌ យ៉ាងធ្ងន់ធ្ងរជាសាធារណៈ ខាងលើនោះ បានដាក់ពាក្យបណ្តឹងប្តឹងទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យជួយចាត់វិធានការតាមផ្លូវច្បាប់។
នេះបើយោងតាមពាក្យបណ្តឹងរបស់អ្នកនាង ជៀម សម្ភស្ស (ដែលជាកូនតុងទីន) បានដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សុំប្តឹងមេតុងទីន ឈ្មោះ ថៃ ដាលីន ភេទស្រី និងប្តីមេតុងទីនឈ្មោះ ស៊ុំ ស៊ីតូ ភេទប្រុស ពីបទ៖ជេរប្រមាថជាសាធារណៈ បទ៖បរិហារកេរ្តិ៍ជាសាធារណៈ និងបទ៖ញុះញង់ឱ្យមានការរើសអើង។ ហើយពាក្យបណ្តឹងនេះដែរ ក៏បានប្រថាប់ត្រាចូលនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៤:៤០នាទី នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
នៅក្នុងពាក្យបណ្តឹងនោះឃើញថាអ្នកនាង ជៀម សម្ភស្ស ដែលជាកូនតុងទីន និងត្រូវបានមេតុងទីនបង្ហោះសារជេរប្រមាថនោះ ក៏បានសូមសំណូមពរឯកឧត្តមព្រះរាជអាជ្ញា ឱ្យចាត់វិធានការចោទប្រកាន់ពីរនាក់ប្តីប្រពន្ធ ថៃ ដាលីន និង ស៊ុំ ស៊ីតូ ដែលជាមេតុងទីន ឱ្យបានធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់ និងសុំទាមទារ សំណង់ជំងឺចិត្ត ៥មុឺនដុល្លារ (50000$)។
សូមបញ្ជាក់ថាកាលពីថ្ងៃទី ២-៣ ខែមករា ឆ្នាំ២០២៣ នេះ មានគណនីហ្វេសប៊ុកឈ្មោះ Ah Lin Nail ប្រើប្រាស់ដោយឈ្មោះ ថៃ ដាលីន បានបង្ហោះសារជេរប្រមាថ ប្រើពាក្យអសិលធម៌យ៉ាងខ្លាំង ដែលសង្គមជាតិស្អប់ខ្ពើម ទៅកាន់អ្នកនាង ជៀម សម្ភស្ស ជាសាធារណៈតាមប្រព័ន្ធទំនាក់ទំនងសង្គម។ មិនតែប៉ុនោះទេ បុរសម្នាក់ឈ្មោះ ស៊ុំ ស៊ីតូ ត្រូវជាប្តីរបស់មេតុងទីនក៏បានបង្ហោះសារយ៉ាងសាហាវ បន្ថែមទៀត លើគណនីហ្វេសប៊ុកមានឈ្មោះ Bong To ដោយពោលពាក្យថា៖ «លុយ1400$ មិនបាច់ឲ្យក៏បានដែរវ៉ៃកាត់បានអត់ម្តង150$ កាត់អស់ៗ គាំពារ 👌😋nika»
យើងទាំងអស់គ្នាប្រាកដជាដឹងហើយថា៖ ការខ្ចីលុយត្រូវតែសងលុយ ត្រូវតែដោះស្រាយតាមផ្លូវការណាមួយ មិនគួរណាបង្ហោះជេរប្រមាថ មើលងាយមើលថោក កិត្តិយសគ្នា ដោយប្រើភាសាអសិលធម៌ ដែលនាំឱ្យសង្គមជាតិស្អប់ខ្ពើម ។ ម្យ៉ាងវិញទៀតលុយនេះជាលុយលេងតុងទីន ផង មិនមែនជាលុយវិនិយោគគិនស្របច្បាប់ដែលធ្វើនៅមុខអាជ្ញាធរពាក់ព័ន្ធនោះទេ! ចុះហេតុអ្វីមិនចេះនាំគ្នាលេងឱ្យស្ងាត់ៗ លេងឱ្យស្ងាត់ៗដូចគ្រាដំបូង ដែលបានសន្យាគ្នាទៅ បើខាងណាមិនព្រមសង ដោះស្រាយគ្នាតាមផ្លូវច្បាប់ណាមួយទៅ កុំទៅបង្ហោះនាំបែកសំបុកខានបានលេង! ព្រោះដឹងហើយថាពេលដែលមានរឿង មិនសងលុយ ឬសងលុយយឺត ជេរបញ្ចោរគ្នា កើតរឿងប្តឹងផ្តល់ ប្រាកដជានាំរឿងឈឺក្បាលដល់មន្ត្រីអ្នកអនុវត្តច្បាប់ ព្រោះដឹងហើយថាមន្ត្រីអ្នកអនុវត្តច្បាប់ដឹងតែអនុវត្តច្បាប់ហើយ ពោល៖គឺមិនលើកលែងឱ្យជាដាច់ខាត។
ទាក់ទិនទៅនឹងករណីខាងលើនេះ ខាងសារព័ត៌មានយើងមិន ដឹងថា យ៉ាងណាយ៉ាងណីនោះទេ ចំពោះជោគវាសនាអ្នកលេងតុងទីនទាំងនោះ ព្រោះឃើញថាកន្លងមកថ្មីៗនេះ ទើបតែមានមេតុងទីនម្នាក់ជាប់ពន្ធនាគារ ដោយសារតែរឿងលុយនេះឯង៕



