
ផ្លូវបេតុងមួយខ្សែ ក្នុងសង្កាត់ព្រៃវែងនិងសង្កាត់ពងទឹក ត្រូវបានអាជ្ញាធរពាក់ព័ន្ធរៀបចំដាក់លូរំដោះទឹកស្អុយជូនពលរដ្ឋរួចជាស្ថាពរ

បន្ទាប់ពីមានការចុះផ្សាយព័ត៌មានជុំវិញទៅហ្នឹងប្រជាពលរដ្ឋត្អូញត្អែរថាក្រុមហ៊ុន លោក សុឹម ចាន់មករា ប្រើគ្រឿងចក្រកាយផ្លូវដាក់លូតាមអំពើចិត្ត កន្លងទៅថ្មីៗរួចមក ពេលនេះលោក សុឹម ចាន់មករា ដែលបានទទួលម៉ៅការដាក់លូបានបំភ្លឺមកកាន់សារព័ត៌មានយើងថា ផ្លូវបេតុងមួយខ្សែចាប់ពីចំណុភូមិរោលជ្រូកសង្កាត់ពងទឹក រហូតមកទល់នឹងផ្លូវ៣០ម៉ែត្រព្រៃស ត្រូវបានស្ថាបនាដាក់លូរួចរាល់ជាស្ថាពរហើយ។
ម្ចាស់ក្រុមហ៊ុនម៉ៅការលោក សុឹម ចាន់មករា បានបន្ថែមឲ្យដឹងថា គម្រោងរៀបចំដាក់លូនេះគឺ មិនមែនចេះតែធ្វើតាមអំពើចិត្តនោះទេ គឺមានការឯកភាពពីអាជ្ញាធរពាក់ព័ន្ធ ហើយក៏មានការចូលរួមពីមន្ត្រីជំនាញដោយបានធ្វើការចុះមកវាស់វែង ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ។

លោកសុឹម ចាន់មករា ម្ចាស់ក្រុមហ៊ុនម៉ៅការដដែលរូបនេះ បានបន្តប្រាប់សារព័ត៌មានយើងឲ្យដឹងទៀតថា ក្រុមហ៊ុនរបស់លោកបានធ្វើការយ៉ាងយកចិត្ដទុកដាក់បំផុតជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដោយសហការធ្វើការវាស់វែងដាក់លូតាមបណ្តោយផ្លូវមួយខ្សែក្នុងភូមិសង្កាត់ខាងលើបានជោគជ័យជាស្ថាពរ និងត្រឹមត្រូវតាមស្តងដាបច្ចេកទេសសំណង។
សូមបញ្ជាក់ឲ្យដឹងដែរថា៖ ដោយមើលទៅឃើញពីតម្រូវការចាំបាច់ហើយក៏ជាការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋផង និងងាយស្រួលក្នុងការរំដោះទឹកស្អុយចេញមូលដ្ឋាន ទើបប្រជាពលរដ្ឋបានសំណូមពរដល់មន្ត្រីមូលដ្ឋានឲ្យរៀបចំប្រព័ន្ធលូ ដោយប្រជាពលរដ្ឋបានជួយចេញជាថវិកាទិញលូដាក់តាមមុខផ្ទះរៀងៗខ្លួន ដោយម្នាក់ៗមានតិចធ្វើតិច មានច្រើនធ្វើច្រើន៕
ម្ចាស់ក្រុមហ៊ុនម៉ៅការ លោកសុឹម ចាន់មករា និងប្រជាពលរដ្ឋជាច្រើនក៏បានថ្លែងអំណរគុណសាទរចំពោះការចូលរួមយកចិត្តទុកដាក់ពីសំណាក់មន្ត្រីអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ ដែលបានជួយធ្វើការសម្របសម្រួលចាត់មន្ត្រីជំនាញចុះវាស់វែង និងដោះស្រាយចំពោះផលលំបាកដ៏បងប្អូនប្រជាពលរដ្ឋ៕




