
ម្ចាស់អាហារដ្ឋាន «ជំនោរបឹងលាភ KTV 168» រងបណ្តឹងពីបទ បៀតបៀនកេរ្តិ៍ខ្មាស បង្ខាំងមនុស្ស និងជួញដូរផ្លូវភេទ

ម្ចាស់អាហារដ្ឋានយីហោ «ជំនោរបឹងលាភ KTV 168» ស្ថិតនៅភូមិទួលព្រិច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបាននារីវ័យក្មេងជាបុគ្គលិកដែលបម្រើការងារក្នុងហាងបានដាក់ពាក្យបណ្តឹងប្តឹងទៅកាន់ប៉ុស្តិ៍នគរបាលឃុំជ្រៃលាស់ ដើម្បីសុំកិច្ចអន្តរាគមន៍ និងស្វែងរកយុត្តិធម៌។
យោងតាមពាក្យបណ្តឹង ដែលសារព័ត៌មានយើងទទួល បានឲ្យដឹងថា៖ នារីវ័យក្មេងចំនួនបួននាក់ ដែលជាបុគ្គលិកបម្រើការងារ នៅអាហារដ្ឋានជំនោរបឹងលាភ បានប្តឹងឈ្មោះ បងជឿន ម្ចាស់ភោជនីយដ្ឋាន «ជំនោរបឹងលាភ» ដោយរៀបរាប់និងបានចោទជាច្រើនករណី ដូចជា៖ «បញ្ឈប់បុគ្គលិកមិនបើកប្រាក់ខែ, ជេរប្រមាថ, បៀតបៀនគេខ្មាស់, បង្ខាំងបម្រើផ្លូវភេទ, ជួញដូរផ្លូវភេទ, ឃាត់បិទសិទ្ធិមិនឱ្យចេញក្រៅ, ពេលគេងចាក់សោមិនឱ្យចេញក្រៅ»។

ករណីខាងលើនេះ លោក ស្រេង វុត្ថា នាយប៉ុស្តិ៍នគរបាលឃុំជ្រៃលាស់ បានប្រាប់សារព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី០៧មីនា នេះថា៖ ពេលនេះប៉ុស្តិ៍កំពុងតែធ្វើការហៅភាគីដែលពាក់ព័ន្ធមកសួរនាំ ដើម្បីធ្វើការសម្របសម្រួលគ្នា។ លោកនាយប៉ុស្តិ៍បន្ថែមទៀតថា ករណីនេះបើសម្រូបសម្រួលដោះស្រាយត្រឹមប៉ុស្តិ៍មិនត្រូវគ្នាលោកនិងបន្តវិធានការ។
ចំពោះករណីខាងលើនេះ ក្រុមការងារសារព័ត៌មានយើង គឺមិនអាចសុំកាបំភ្លឺពីម្ចាស់ហាងយីហោង «ជំនោរបឹងលាភ» បាននោះទេ ព្រោះលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងជាច្រើនប្រព័ន្ធ មិនអាចទាក់ទងបាន។
ទាក់ទិនទៅនឹងករណីខាងលើនេះ នារីរងគ្រោះទាំងអស់ខាងលើ ស្នើសុំឱ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ហាងខាងលើនេះផង។
ជនរងគ្រោះជានារីវ័យក្មេងដែលបម្រើការងារក្នុងហាងខាងលើ ទទួចស្នើសុំឱ្យក្រសួងគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសនាយកដ្ឋានការជួញដូរមនុស្ស និងអនីតិជននៃក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ករណីខាងលើនេះផង៕



